ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងហាក់បញ្ចេញប្រតិកម្មទៅប្រទេសខ្លះដែលចោទកម្ពុជា ជាទីកន្លែងលាងលុយកខ្វក់ថា បើកម្ពុជាពិតជាមានករណីលាងលុយកខ្វក់ដូចគេចោទប្រកាន់មែន ជារឿងតូចតាចនោះទេ ប៉ុន្តែប្រទេសដែលដើរចោទគេវិញទេ ទើបមានការលាងលុយកខ្វក់ជាលក្ខណៈទ្រង់ទ្រាយធំជាងគេទៅវិញទេ។
តាមរយៈសំណេរបង្ហាញនៅក្នុងគ្រុបតេឡេក្រាម នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សុខ ឥសាន បានបញ្ចេញមតិថា “បាតុភាពលាងលុយកខ្វក់ បើមាននៅកម្ពុជាមែន ជារឿងតូចតាចទេ ប៉ុន្តែប្រទេសដែលស្រែកចោទគេថា មានលាងលុយកខ្វក់នោះដែលមានការលាងលុយកខ្វក់ច្រើន និងធំជាងគេ” ។
លោកក៏តបក្នុងន័យឌឺដងបន្ថែមទៀតថា ការយកលុយទៅលេងល្បែងក្នុងកាស៊ីណូនៅស្រុកខ្មែរគេថា ជាការលាងលុយកខ្វក់ តែបើយកលុយទៅលេងនៅកាស៊ីណូនៅសហរដ្ឋអាមេរិកវិញ មិនមែនជាលុយកខ្វក់ទេ?។
លោកថា បើតាមអ្នកជំនាញលាងលុយកខ្វក់ គឺមានការទិញដី ទិញអាវុធ ជំនួញឈើ ជួញដូរពាណិជ្ជកម្មធំៗ។
ការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាចនេះ បន្ទាប់ពីអង្គការឃ្លាំមើលអំពើលាងលុយកខ្វក់លើពិភពលោកបានបន្តដាក់កម្ពុជាក្នុង “បញ្ជីប្រផេះ” នៃប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់ដែលពិភពលោកត្រូវបង្កើនការតាមដាន។ អង្គការអន្តរជាតិមួយនេះ ដាក់ចំណាត់ថ្នាក់កម្ពុជាបែបនេះតាំងពីអំឡុងខែមីនាមកម្ល៉េះ ប៉ុន្តែវិទ្យុអាស៊ីបានយកមកផ្សាយជាថ្មី តាមរយៈការសុំបញ្ចេញមតិពីក្រុមអង្គការសង្គមស៊ីវិលនៅស្រុកខ្មែរ ដោយពួកគេចង់ឃើញរាជរដ្ឋាភិបាល មានវិធានការណ៍ទប់ស្កាត់ការលាងលុយកខ្វក់ឱ្យមានប្រសិទ្ធភាព។
អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់លើពិភពលោកត្រូវបានគេដឹងថា មានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង ។ បើតាមអ្វីដែលវិទ្យុអាស៊ីសេរីផ្សាយជាខេមរភាសាផ្សាយ គឺអង្គការនេះក៏ព្រមានកម្ពុជាថា នឹងពិចារណាជំហានបន្ទាប់មកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហានៃអំពើលាងលុយកខ្វក់នេះ។
ជំហានបន្ទាប់ដែលអង្គការអះអាង គឺសំដៅដល់ការអំពាវនាវដល់ប្រទេសសមាជិក និងយុត្តាធិការទាំងអស់នៅទូទាំងពិភពលោកឱ្យបង្កើនការតាមដានត្រួតពិនិត្យរាល់ទំនាក់ទំនង និងប្រតិបត្តិការអាជីវកម្មទាំងអស់ជាមួយកម្ពុជា៕
ដោយ៖ គង់ សេដ្ឋាមុនី