ភ្ជុំបិណ្ឌឆ្នាំនេះ ភ្នំពេញ-សៀមរាប មានរថយន្តក្រុង ១៥គ្រឿង ដឹកពលរដ្ឋដោយមិនគិតថ្លៃ

សៀមរាប៖ ភ្នំពេញ-សៀមរាប មានរថយន្តក្រុង ១៥គ្រឿង ដឹកពលរដ្ឋដោយមិនគិតថ្លៃ ក្នុង​ឱ​កា​សភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូ​នដំ​ណឹ​ង​របស់រដ្ឋបាលខេត្ដសៀមរាបចុះថ្ងៃអង្គារទី២០ ខែកញ្ញាម្សិលមិញ។

សេចក្ដីជូនដំណឹ​ងដដែល បានឱ្យដឹងថា រថយន្តក្រុងរបស់រដ្ឋាក​រស្វយ័​តដឹ​កជ​ញ្ជូន​សាធា​រណៈ​រ​ថយន្តក្រុង (City Bus) ចំនួន១៥ គ្រឿង នឹងត្រូវផ្ដល់សម្រាប់បម្រើ​សេវាដឹកជញ្ជូនបងប្អូ​នពី​រា​ជ​ធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់រាជធានីភ្នំពេញ មាន​រ​យៈ​ពេ​ល០៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់។

ចំពោះទីតាំង និងកាលបរិច្ឆេទ ការធ្វើដំណើរពីរាជធានីភ្នំពេញមកកាន់ខេត្តសៀមរាប នៅចំ​ណុ​ចរង្វង់មូលទេពមច្ឆា “ស្ពានជ្រោយចង្វារ” ចេញដំណើររៀងរាល់ម៉ោង៥ និង ៣០ នាទីព្រឹក (ចេ​ញជាបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

សម្រាប់ការធ្វើដំណើរពីខេត្តសៀមរាបទៅកាន់រាជធានីភ្នំពេញ នៅចំណុច “គ្រឹះស្ថានអង្គរ” ជិ​ត​​រង្វង់មូលវិថីសម្ដេចវិបុលបញ្ញា សុខ អាន (រង្វង់មូលផ្លូវ៦០ម៉ែត្រ) ចេញដំ​ណើរ​រៀ​ង​រា​ល់​ម៉ោ​ង​១​៣ និង ០០នាទី (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែកញ្ញា ឆ្នាំ​២​០២២។ ដោយឡែកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរវេលាម៉ោង៦ និង ០០ នាទី ព្រឹ​ក (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត)។

បើយោងតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ រថយន្តក្រុង៥៥គ្រឿ​ងស​ម្រាប់​ដឹក​ព​ល​រដ្ឋនៅរាជធានីភ្នំពេញ។ ដោយឡែក អ្នកដំណើរទៅតាមខេត្តវិញ សាលារាជធានី នឹង​ប្រើ​ប្រាស់រថយន្តចំនួន១២០ គ្រឿង សម្រាប់ដឹកអ្នកដំណើរត្រឡប់ទៅមក៕

ដោយ៖ ឆឹម ទិត