ភ្នំពេញ៖ ការផ្សាយរបស់ រាជបណ្ឌិត្យសភាកម្ពជា ដោយស្រង់យកបទបង្ហាញរបស់ កញ្ញា ម៉ៅ សុគន្ធា ឱ្យដឹងថា របរតម្បាញសូត្រខ្មែរជារបរដែលរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីខ្មែរ ទាក់ទាញទេសចរ សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការបង្កើតការងារនិងប្រាក់ចំណូលជូនពលរដ្ឋ។
ក្នុងសន្និសីទអន្តរជាតិលើកទី៩ ស្តីពី “តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ឡាវ និងប្រទេសវៀតណាម” នៅរាជបណ្ឌិត្យសភាកម្ពជា ថ្ងៃអង្គារ ទី២០ ខែកញ្ញានេះ កញ្ញា ម៉ៅ សុគន្ធា ថ្លែងថា ការអភិវឌ្ឍវិស័យសូត្រ មានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជននៅតាមសហគមន៍។
កញ្ញា ម៉ៅ សុគន្ធា បានបរិយាយបន្ថែមថា មុខរបរតម្បាញសូត្រ បានផ្តល់នូវឱកាសការងារឱ្យប្រជាពលរដ្ឋនៅផ្ទះតាមសហគមន៍នានា ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅរកប្រភពហិរញ្ញវត្ថុនៅខេត្តឆ្ងាយ ឬនៅប្រទេសជិតខាងឡើយ។
បើតាម កញ្ញា សុគន្ធា បានបញ្ជាក់ថា ការងារនេះ មិនតម្រូវសម្រាប់តែអ្នកមានការអប់រំខ្ពស់ តែបងប្អូននៅតាមសហគមន៍ ដែលមិនមានលទ្ធភាពសិក្សារៀនសូត្របានច្រើន ក៏អាចនឹងចាប់យករបរនេះសម្រាប់ចិញ្ចឹមខ្លួន ព្រមទាំងមានពេលវេលានៅក្បែរនិងនៅមើលថែគ្រួសារផងដែរ។
យោងតាម ការសិក្សាស្រាវជ្រាវនៅកម្ពុជាមានតម្រូវការសូត្រច្រើន ហើយកម្ពុជា មិនទាន់អាចផ្គត់ផ្គង់សូត្រគ្រប់គ្រាន់ សម្រាប់វិស័យតម្បាញក្នុងប្រទេសដែលកំពុងតែត្រូវការជាចាំបាច់ ហើយកម្ពុជាត្រូវនាំចូលសូត្រពីប្រទេសជិតខាង។
សូមជម្រាប់ជូនថា ជារៀងរាល់ឆ្នាំ កម្ពុជាត្រូវការសូត្រតម្បាញ មិនតិចជាង៤០០ តោននោះទេ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការផលិតផលផលិតចេញពីសូត្រនៅក្នុងកម្ពុជា ជាពិសេសសម្រាប់បំពេញតម្រូវការរបស់ភ្ញៀវទេសចរបរទេស និងតម្រូវការប្រើប្រាស់ក្នុងប្រទេសកម្ពុជាផ្ទាល់៕
ដោយ៖ ឆឹម ទិត