ភ្នំពេញ៖ «ទណ្ឌិតដែលកែប្រែខ្លួនបានល្អ គ្រប់លក្ខខណ្ឌច្បាប់ អាចនឹងទទួលបានការដោះលែង ដោយមានលក្ខខណ្ឌ មានន័យថា បងប្អូនដែលទទួលបានការដោះលែងហើយនោះ ត្រូវគោរពទៅតាមលក្ខខណ្ឌកំណត់មួយចំនួនរបស់តុលាការ ដែលជាកាតព្វកិច្ចត្រូវតែបំពេញឱ្យបានពេញលេញក្នុងរយៈពេលកំណត់ណាមួយ។ ហេតុនេះ សូមបងប្អូន ខិតខំកែប្រែខ្លួនឱ្យបានល្អ គ្រប់លក្ខខណ្ឌច្បាប់ ដើម្បីឆាប់ទទួលបានឱកាសបន្ធូរបន្ថយទោស លើកលែងទោស ឬដោះលែងដោយមានលក្ខខណ្ឌ បានវិលត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារនិងសង្គមជាតិវិញ»។ នេះជាក្រើនរំឭក របស់ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់ប្រធានមណ្ឌលអប់រំកែប្រែទី២ និងជនជាប់ឃុំនៅក្នុងមណ្ឌល កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
លោក គឹម សន្តិភាព បានណែនាំដល់ជនជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ ទាំងអស់ត្រូវខិតខំកែប្រែឥរិយាបថឱ្យបានសមរម្យថ្លៃថ្នូរ ជាពិសេសត្រូវកែប្រែទង្វើរបស់ខ្លួនឱ្យបានល្អ បំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់ ដើម្បីឆាប់ទទួលបាន ការបន្ធូរបន្ថយទោស និងលើកលែងទោស ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ព្រះរាជទានបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងមួយឆ្នាំ៥ដង ទៅតាមព្រះរាជពិធី និងពិធីបុណ្យសំខាន់ៗ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពីធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងអាចទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោស ទៅតាមពីធីបុណ្យ ឬព្រឹត្តិការណ៍ធំៗ របស់ជាតិផងដែរ ។
សូមបញ្ជាក់ថា ការចុះសួរសុខទុក្ខ និងផ្តល់អំណោយផ្ទាល់របស់ លោក គឹម សន្តិភាព ឱ្យដល់ប្រធានមណ្ឌល និងជនកំពុងជាប់ឃុំ នៅក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) មានការនិមន្តចូលរួមជាព្រះកិត្តិយសដ៏ថ្លៃថ្លារបស់ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូស្សូតស្តាំវត្តនិគ្រោធវ័ន (វត្តគល់ទទឹង) និង មានការចូលរួមពី លោក ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ លោក លោកស្រីជា អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីក្រោមឱវាទ និង មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាតំណាង លោក អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីក្រោមឱវាទមួយចំនួនផងដែរ៕
ដោយ៖ ឆឹម ទិត