ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធសហការឱ្យជិតស្និទ្ធជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺរួមគ្នាលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសនានាក្នុងមូលដ្ឋាន ដើម្បីមានសន្តិសុខល្អ។
លោកអភិបាលខេត្ត ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយសេចក្តីណែនាំស្តីពីបែបបទ នីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ-សង្កាត់ ដោយមានអ្នកចូលរួមចំនួន២៤២នាក់ មកពីបណ្តាឃុំសង្កាត់ក្នុងខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។
យោងតាមផេកផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា លោក ជាម ច័ន្ទសោភ័ណ បានសង្កត់ធ្ងន់ថា «ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ កងកម្លាំងគ្រប់ប្រភេទសូមបន្តអនុវត្ត ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ត្រូវធ្វើឱ្យជាប់ដូចភ្លៀងរលឹម ស្រមតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
លើសពីនេះទៅទៀត លោក អភិបាលខេត្ត បានស្នើសុំយ៉ាងទទូចធ្វើយ៉ាងណាត្រូវបន្តពង្រឹងការការពារ ជាចំណុចអាទិភាព ដើម្បីការរស់នៅដោយភាពសុខសាន្តរបស់ប្រជាពលរដ្ឋតាមរយៈភូមិ ឃុំ មានសុវត្ថិភាព និងបន្តផ្តោតលើសុខភាព សុខុមាលភាពប្រជាជន តាមរយៈការបន្តទប់ស្កាត់ និងគ្រប់គ្រងសភាពការណ៍កូវីដ-១៩ នៅកម្ពុជា មិនឱ្យវិលត្រឡប់ថយក្រោយ៕
ដោយ៖ គង់ សេដ្ឋាមុនី