ភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានអំពាវនាវដល់អាជ្ញាធរដែនដី និងសាធារណជនប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត (Overflow) និងជំនន់ទឹកភ្លៀង (Flash Flood) ដែលនឹងបន្ដធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្រ្ដនៃតំបន់ជាប់ជួរភ្នំ, ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្រ្ដជាប់ព្រំដែនថៃ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃអង្គារ ទី២០ ខែកញ្ញានេះ គូសបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ដល់២៧ ខែកញ្ញា សម្ពាធខ្ពស់នៅលើប្រទេសចិនបានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ អាចបណ្ដាលឱ្យតំបន់ទំនាបកណ្ដាល មានសីតុណ្ហាភាពអប្បបរមាពី២៣-២៥អង្សាសេ និង សីតុណ្ហភាពអតិបរមា ៣២-៣៤ អង្សាសេ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
នៅតំបន់ខ្ពង់រាប សីតុណ្ហាភាពអប្បបរមាមានពី២២-២៤អង្សាសេ និង សីតុណ្ហភាពអតិបរមា មាន ៣១-៣៣ អង្សាសេ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្ដាខេត្ត នៅក្នុងភូមិសាស្រ្ដជាប់នឹងជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្លាំង លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ចំណែកឯនៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និង សីតុណ្ហភាពអតិបរមា មាន ៣៩-៣១អង្សាសេ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
ដោយ៖ ឆឹម ទិត