ភ្នំពេញ៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង តេឡេក្រាម នៅព្រឹកថ្ងៃទី២០ខែកញ្ញានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសូមការអាធ្យាស្រ័យ ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន ក្នុងខណៈដែលសម្ដេចតេជោនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នោះ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “បងប្អូនរួមជនរួមជាតិជាទីគោពស្រឡាញ់។ ថ្ងៃស្អែក២១ ខែកញ្ញា ឆ្នាំ២០២២ ខ្ញុំនឹងដឹកនាំគណប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ បន្ទាប់ពីនោះ នឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបា ព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសពឯកឧត្តមស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន”។
សម្ដេចតេជោ ក៏សូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអាធ្យាស្រ័យ ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លីនិងមានកម្មវិធីច្រើន។ ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ នៅទីក្រុងវ៉ាស៊ីនតោនហើយដែរ។
សម្ដេចតេជោសង្ឃឹមថា បងប្អូននឹងមានការយោគយល់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើននិងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិ របស់លោក ស៊ីន អាបេ ហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២៕
ដោយ៖ គង់ សេដ្ឋាមុនី