ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានប្រគល់ជូននូវខិត្តប័ណ្ណព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនចំនួន ៨០ ០០០ សន្លឹក និងសម្ភារមួយចំនួនដល់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការផ្សព្វផ្សាយបញ្ជ្រាបពីបញ្ហាគ្រឿងញៀនដល់បងប្អូនប្រជាពលរដ្ឋតាមរយៈគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងក្រសួងសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ពិធីប្រគល់នេះបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ អិលអូអិលស៊ី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដោយលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ និងលោក ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីបានគូសបញ្ជាក់ថា “ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងាររួមរបស់យើងទាំងអស់គ្នា ដោយមិនអាចចាត់ទុកជាការងារផ្តាច់មុខរបស់នរណាម្នាក់ឬក្រុមណាមួយឡើយ ការដោះស្រាយគឺត្រូវផ្តើមពីយើងទាំងអស់គ្នា ការលុបបំបាត់គ្រឿងញៀនជាបញ្ហារួមចម្បងដែលយើងគ្រប់គ្នាត្រូវចូលរួមដោះស្រាយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ”។ លោកបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋគ្រប់រូបរួមសហការគ្នា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀនដែលនាំឱ្យបំផ្លាញសហគមន៍របស់យើង។
លោកប្រធាននាយកប្រតិបត្តិបានបន្ថែមថា អិលអូអិលស៊ី នឹងបន្តគាំទ្រដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងពេញទំហឹងដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC)ជាដៃគូសហការយ៉ាងសកម្ម ដែលតែងតែគាំទ្រដល់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើការងារផ្សព្វផ្សាយអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបានជួយការងារសង្គមនានាមានដូចជាការផ្តល់នូវអណ្តូងទឹកស្អាត កន្លែងលាងដៃតាមសាលារៀន ការប្រយុទ្ធប្រឆាំងការរីករាលជំងឺរាតត្បាតកូវីដ-១៩ ចរាចរណ៍ និងជួយដល់សកម្មភាពសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាដើម។ ល។ លោកឧត្តមសេនីយ៍ទោបានលើកឡើងថា ការចូលរួមអនុវត្តន៍នូវយុទ្ធសាស្រ្តពហុវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺត្រូវការចូលរួមជាចាំបាច់ពីគ្រប់វិស័យជាពិសេសពីវិស័យឯកជនដូចដែលអិលអូអិលស៊ី ដែលបាននឹងកំពុងបន្តធ្វើទាំងពេលនេះ និងពេលអនាគត សំដៅធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋគ្រប់រួប គ្មានគ្រឿងញៀន គ្មានហិង្សា គ្មានឧក្រិដ្ឋកម្ម។
សូមជម្រាបជូនថា នេះជាលើកទី៨ហើយ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានប្រគល់ជូនអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នូវខិត្តប័ណ្ណព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អិលអូអិលស៊ី(LOLC)ក្នុងការបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា៕
ដោយ៖ គង់ សេដ្ឋាមុនី