ភ្នំពេញ ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ យ៉ាងហោចណាស់សមត្ថកិច្ចជំនាញបានបង្រ្កាបបទល្មេីសគ្រឿងញៀនចំនួន ១៥០ករណី និងឃាត់ខ្លួនជនសង្ស័យ ទាំងប្រើប្រាស់និងចែកចាយចំនួន ៣៥៥នាក់ នៅទូទាំងប្រទេស ដេីម្បីចាត់ការតាមនីតិវិធី។
លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា ក្នុងចំណោមចំនួនបង្ក្រាបខាងលើ មានករណីទ្រង់ទ្រាយធំចំនួន ២ករណី រួមមាន៖ ខេត្តសៀមរាប បង្ក្រាប ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឃាត់ខ្លួនមនុស្ស ៤នាក់ ចាប់យកគ្រឿងញៀន ១០គ.ក្រ +៦៩០ក្រ។ និង រាជធានីភ្នំពេញ បង្ក្រាប ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ឃាត់ខ្លួនមនុស្ស ៤នាក់ (ជនជាតិវៀតណាម ១នាក់) ចាប់យកគ្រឿងញៀន ១០គ.ក្រ +២៦០ក្រ និងម៉ូតូ ៣គ្រឿង។
អ្នកនាំពាក្យរងរូបនេះ សង្កត់ធ្ងន់ថា អនុសាសន៍បញ្ជាដឹកនាំរបស់លោក ស សុខា គឺបង្កើនការបង្ក្រាប បង្ក្រាបឱ្យញឹក ឱ្យចំគោលដៅ ពិសេសតំបន់ក្ដៅ។ ទន្ទឹមនេះ បង្កើនការរឹតបណ្ដឹងតាមច្រកព្រំដែនទាំងគោក ទឹក និងអាកាស។ ក្រៅពីនេះ បង្កើតក្រុមត្រួតពិនិត្យធ្វើជារបាំងកាត់ផ្ដាច់ផ្លូវដែលក្រុមជនល្មើសឆ្លងកាត់។ បន្ថែមពីនេះ ក្រសួងមហាផ្ទៃក៏កំពុងសិក្សាហ្វឹកហ្វឺនសុនខហឹតគ្រឿងញៀនផងដែរ។
លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រំលឹកថា បញ្ហាគ្រឿងញៀន ជាចំណុចរសេីបមួយ ដែលសម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល លោកដាក់ទិសដៅ និងក្រសួងមហាផ្ទៃ ដែលមាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បានកំណត់យកជាអាទិភាពទី១ ក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧នេះ៕