តើ​អ្វី​ទៅ​ហៅថា វត្ថុ​? វត្ថុ​បែង​ចែកជា​ប៉ុន្មាន​ប្រភេទ​? វត្ថុ​មាន​សមាសភាគ​ដូចម្តេចខ្លះ​? អ្វី​ជា​ផល​កើតចេញពី​វត្ថុ ផល​នោះ​មាន​អ្វីខ្លះ​?

ដើម្បី​យល់ច្បាស់​អំពី​អត្ថន័យ​នៃ​វត្ថុ សិទ្ធិ​លើ​វ​ត្តុ (​សិទ្ធិ​ប្រត្យក្ស​) សូម​ធ្វើការ​បកស្រាយ និង​ពន្យល់​ផ្សារភ្ជាប់​ជាមួយនឹង​ឧទាហរណ៍ មាន​ខ្លឹមសារ​ជា​បន្តបន្ទាប់ ដូចខាងក្រោម ៖

​តើ​អ្វី​ទៅ​ហៅថា វត្ថុ​? វត្ថុ​បែង​ចែកជា​ប៉ុន្មាន​ប្រភេទ​?

​វត្ថុ​ជា​ពាក្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់​សម្រាប់​ហៅ​អ្វីមួយ ដែល​ភាគី​ច្រើន​គឺ សំដៅ​ទៅលើ​វត្ថុ​រឹង វត្ថុ​រាវ ឬ វត្ថុ​ទន់ ជាដើម​។ វត្ថុ​ក្នុង​ភាសា​និយាយ គ្រាន់តែ​ជា​ពាក្យ​សាមញ្ញ​ធម្មតា​ប៉ុណ្ណោះ​។ ប៉ុន្តែ សម្រាប់​ការប្រើប្រាស់​ក្នុង​ភាសា​ច្បាប់​វិញ វត្ថុ​គឺ សំដៅ​ទៅលើ​របស់​ដែលមាន​រូបរាង ជា​សារធាតុ​ឧស្ម័ន ជា​សារធាតុ​រាវ ជា​សារធាតុ​រឹង នេះ​បើ​យោងតាម​មាត្រា​១១៩ នៃ​ក្រមរដ្ឋប្បវេណី​កម្ពុជា​ឆ្នាំ​២០០៧​។

​ឧទាហរណ៍ ផ្ទះ ដី កែវ​ទឹក ទឹកបរិសុទ្ធ ដើមឈើ ថ្ម ដែក កង្ហារ សៀវភៅ ប៊ិច ហ្គេ​ស​ដែល​ត្រូវបាន​គ្រប់គ្រង -​ល​- ជា​វត្ថុ​ដែល​ខ្លះ​ជាវ​ត្ថុ​រឹង ខ្លះ​ជាវ​ត្ថុ​រាវ និង​ខ្លះទៀត​ជា​វត្ថុ​មាន​ប្រភេទ​ជា​ឧស្ម័ន ជាដើម​។

​វត្ថុ ត្រូវបាន​បែងចែក​ជា​ពីរ​គឺ ចលនវត្ថុ និង​អចលនវត្ថុ នេះ​បើ​យោងតាម​មាត្រា​១២០ នៃ​ក្រមរដ្ឋប្បវេណី​កម្ពុជា ឆ្នាំ​២០០៧​។ ចលនវត្ថុ ឬ​និង អចលនវត្ថុ ជា​ភាសា​ច្បាប់ រីឯ​ភាសា​ដែល​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​តែង​និយាយថា ចលនទ្រព្យ ឬ​និង អចលនទ្រព្យ​។

​អចលនវត្ថុ​សំដៅ​ទៅលើ ដីធ្លី និង វត្ថុ​ជាប់​នៅលើ​ដី ហើយ​មិនអាច​ផ្លាស់ប្ដូរ ទីកន្លែង​បាន ដូចជា​អាគារ សំណង់ ដំណាំ រុក្ខជាតិ ជាអាទិ៍​។ អចលនវត្ថុ​នេះ​ក៏ត្រូវ​បាន​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ត្រង់​មាត្រា​២​បែងចែក​ជា​បី​ប្រភេទ​ផ្សេងគ្នា​គឺ អចលនវត្ថុ​ពី​កំណើត អចលនវត្ថុ​ពី​ភ័ព្វវាសនា និង​អចលនវត្ថុ​តាម​ការកំណត់​របស់​ច្បាប់​។ អ​ច​នល​វត្ថុ​ពី​កំណើត​មាន​ដី​ធម្មជាតិ​ដូចជា ដីព្រៃ​ឈើ ដីកា​ប់រាន ដី​ដាំ​ដុះ ដី​ទុក​ទំនេរ ឬ​មិនអាច​ដាំ​ដុះ ដី​លិច​ទឹក​ដោយ​ទឹក​នៅ​នឹង ឬ​ទឹក​ហូរ និង​សំណង់​ឬ​ការរៀបចំ​ទាំងទ្បាយ​ដែល​ស្ថិត​នៅជាប់​មួយកន្លែង កើត​ទ្បើង​ដោយ​អំពើ​របស់​មនុស្ស ហើយ​មិន​អា​រំកិល ឬ​ផ្លាស់ប្តូរ​ទីកន្លែង​។ អចលនវត្ថុ​ពី​ភ័ព្វវាសនា មាន​វត្ថុ​ដែលជា​ប់​នឹង​ដី ឬ​បញ្ចូល​ជាមួយ​សំណង់​ទាំងទ្បាយ​ដែល​មិនអាច​បំបែកចេញ​បាន​ដោយ​មិន​ធើ្វ​ឱ្យមាន​ការខូចខាត ឬ​មិន​ដូរ​សភាព​ដើម​ដូចជា ដើមឈើ ឧបករណ៍​តែង​លំអ​ជាដើម​។ អចលនវត្ថុ​តាម​ការ​កំណត់ដោយ​ច្បាប់​ជាការ​ចាត់ទុកថា វត្ថុ​នោះ​ជា​អចលនវត្ថុ​តែម្តង​ទោះបីជា​វត្ថុ​នោះ មាន​ចលនា​ក៏ដោយ​។

​ចលនវត្ថុ​សំដៅលើ​វត្ថុ​ក្រៅពី​អចលនវត្ថុ មាន​ចលនា​បំលាស់​ទី​បាន និង​ឬ សំដៅលើ​ទ្រព្យសម្បតិ្ត​គ្មាន​រូបរាង​ដែល​អាច​គ្រប់គ្រង​បាន​។ ដើម្បី​យល់​ពី​ពាក្យ​នេះ​កាន់តែច្បាស់​សូម​ភ្ជាប់​ឧទាហរណ៍​មកជា​មួយ​ដូចជា ម៉ូតូ កង់ ទ្បាន កុំព្យូទ័រ សៀវភៅ ប៊ិច -​ល​- គឺជា​ចលនវត្ថុ​ដែលមាន​ចលនា អាច​បំលាស់​ទី​បាន​ដែល​មិនមែនជា​ដី ឫ វត្ថុ​ជាប់​នឹង​ដី​ដែល​មិនអាច​បំលាស់​ទី​បាន​។​

​តើ​វត្ថុ​មាន​សមាសភាគ​ដូចម្តេចខ្លះ​?

​សមាសភាគ​នៃ​វត្ថុ ជា​ធាតុ​ផ្សំ​នាំឱ្យ​កើត​វត្ថុ​នោះ ដោយ​មិនអាច​បំបែក​បាន មិនអាច​ផ្លាស់ប្តូរ​លក្ខណៈ​ដើម​នៃ​វត្ថុ និង​មិនអាច​ក្លាយជា​កម្មវត្ថុ​នៃ​សិទ្ធិ​ឯករាជ្យ​បាន​ទ្បើ​យ (​មាត្រា​១២១ ក្រមរដ្ឋប្បវេណី​កម្ពុជា ឆ្នាំ​២០០៧)​។ ឧទាហរណ៍ ទ្បាន​ជាវ​ត្ថុ ដែលមាន​សមាសភាគ​នៃ​វត្ថុ​ជាច្រើន​ដូចជា កង់ ដៃចង្កូត ម៉ាស៊ីន ទ្វា និង​សមាសភាគ​ជាច្រើន​ទៀត រួមបញ្ចូល​គ្នា ទើប​បង្កើតបានជា ទ្បាន​មួយគ្រឿង​។ ប្រសិនបើ​ដកចេញ​សមាសភាគ​នៃ​ទ្បាន​ត្រង់​ផ្នែក​ណាមួយ នាំឱ្យ ទ្បាន​មិន​គ្រប់លក្ខណៈ​ជា​ទ្បាន​មួយគ្រឿង​នោះទេ​។

​សមាសភាគ​នៃ​ដី សំដៅលើ វត្ថុ​ដែលជា​ប់​នឹង​ដី ឬ វត្ថុ​ក្លាយជា​ភាគ​មួយ​នៃ​ដី ជាពិសេស​អាគារ ឬ​សំណង់​ដែល​សង់​នៅលើ​ដី ហើយ​មិនអាច​ផ្លាស់ប្តូរ​កន្លែង​បាន ឬ​ពូជ​ដែល​សាប​នៅលើ​ដី ដំណាំ​ដែល​បាន​ដាំ រុក្ខជាតិ​ដែល​រស់នៅ​លើដី មិនអាច​បំបែក​ចេញពី​ដី និង​មិនអាច​ក្លាយទៅជា​កម្មវត្ថុ​នៃ​សិទ្ធិ​ឯករាជ្យ​បាន (​មាន​ត្រា​១២២ នៃ​ក្រមរដ្ឋប្បវេណី​កម្ពុជា ឆ្នាំ​២០០៧)​។ ឧទាហរណ៍ ផ្ទះ​សង់​ជាប់​ដី សំណាប​(​មិនទាន់​ដក​) ស្រូវ​(​មិនទាន់​ច្រូតកាត់​) ដើមឈើ​ដុះ​ជាប់​ដី -​ល​-​។​

​អាគារ សំណង់ ដំណាំ រុក្ខជាតិ ម្ចាស់​សិទ្ធិ​បាន​សង់ និង​ឬ ដាំ​លើដី​កម្មសិទ្ធិ​អ្នកដទៃ ចាត់ទុកថា អាគារ សំណង់ ដំណាំ រុក្ខជាតិ ទាំងនោះ ជា​សមាសភាគ​នៃ​សិទ្ធិ​លើដី​របស់​អ្នកដទៃ នេះ​បើ​យោងតាម​មាត្រា​១២៣ នៃ​ក្រមរដ្ឋប្បវេណី​កម្ពុជា ឆ្នាំ​២០០៧​។

​សមាសភាគ​នៃ​អាគារ​គឺ គ្រឿងផ្សំ​នាំឱ្យ​កើតជា​អាគារ មាន​ជាអាទិ៍ គ្រឿង​អាគារ គ្រឿងសង្ហារិម ផ្លាក​វត្ថុ​តុបតែង ដែល​មិនអាច​បែងចែក​បាន មិនអាច​បំបែក​អាគារ​នោះ ឬ មិនអាច​ផ្លាស់ប្តូរ​លក្ខណៈ​ដើម​នៃ​វត្ថុ​នោះ និង​មិនអាច​ក្លាយជា​កម្មវត្ថុ​នៃ​សិទ្ធិ​ឯករាជ្យ​បានទេ​។ ចំពោះ​សមាសភាគ​នៃ​វត្ថុ​អ្វីមួយ ដែល​មិនអាច​បែងចែក​បាន​ដោយ​មិន​បំបែក​វត្ថុ​នោះ ឬ ដោយ​មិន​ផ្លាស់ប្ដូរ​លក្ខណៈ​ដើម​នៃ​សមាសភាគ​នោះទេ ភាគ​នៃ​វត្ថុ​នោះ​មិនអាច ក្លាយជា​កម្មវត្ថុ​នៃ​សិទ្ធិ​ឯករាជ្យ​បានឡើយ​។ (​មាត្រា​១២៥​នៃ​ក្រមរដ្ឋប្បវេណី​កម្ពុជា ឆ្នាំ​២០០៧)

​តើ​អ្វី​ទៅជា​វត្ថុ​ចំណុះ​? អ្វី​ទៅជា​វត្ថុ​ចម្បង​? ហើយ​អ្វី​ជា​ផល​កើតចេញពី​វត្ថុ និង​ផល​ដែល​កើតចេញពី​វត្ថុ​នោះ​មាន​អ្វីខ្លះ​?

​វត្ថុ​ចំណុះ ជា​វត្ថុ​ដែល​មិនមែនជា​សមាសភាគ​នៃ​វត្ថុ​ចម្បង ហើយ​កម្មសិទ្ធិករ​នៃ​វត្ថុ​ចម្បង​បាន​ភ្ជាប់​វត្ថុ​នោះ​ទៅនឹង​វត្ថុ​ចម្បង ក្នុង​គោលបំណង ដើម្បី​បង្កើន​តម្លៃ​សេដ្ឋកិច្ច​លើ​វត្ថុ​ចម្បង (​មាត្រា​១២៦​កថាខណ្ឌ​ទី​១​នៃ​ក្រមរដ្ឋប្បវេណី​កម្ពុជា ឆ្នាំ​២០០៧)​។ វត្ថុ​នេះ ក៏​ជាវ​ត្ថុ​ឯករាជ្យ​មួយ​ដែរ តែ​ត្រូវបាន​កម្មសិទ្ធិករ​យក​ទៅ​ភា្ជ​ប់​នឹង​វត្ថុ​ចម្បង​ដើ​ម្ប​លម្អ​លើ​វត្ថុ​ចម្បង​។ ឧទាហរណ៍ សំភារៈ​ តុ ទូ កៅអី​ឈើ សម្រាប់​តុបតែង​លម្អ​ផ្ទះ ជាដើម​។​

​ការបង្កើត ការផ្ទេរសិទ្ធិ​ចំពោះ​វត្ថុ​ចម្បង ត្រូវមាន​អានុភាព​លើ​វត្ថុ​ចំណុះ លើកលែង​តែមាន​ការព្រម​ព្រៀង​ដកចេញ​វត្ថុ​ចំណុះ (​មាត្រា​១២៦​កថាខណ្ឌ​ទី​២ នៃ​ក្រមរដ្ឋប្បវេណី​កម្ពុជា ឆ្នាំ​២០០៧)​។ ឧទាហរណ៍ លោក ក លក់​ផ្ទះ​ទៅឱ្យ​លោក ខ ដោយ​ផ្ទះ​នោះ មាន​វត្ថុ​ចំណុះ​សុទ្ធតែ តុ​ឈើ ទូ​ឈើ និង​កៅអី​ឈើ​។ ការលក់​នេះ ត្រូវតែ​ផ្ទេរ​វត្ថុ​ចំណុះ​ទៅជា​មួយ​ផងដែរ លើកលែងតែ ការលក់​ទិញ​បានបញ្ជាក់​ច្បាស់​ថា លក់​តែ​ផ្ទះ រីឯ តុ​ឈើ ទូ​ឈើ និង​កៅអី​ឈើ ត្រូវបាន​ដកចេញ​មិន​បញ្ចូល​ក្នុងតម្លៃ​លក់​ទិញ​នេះ​ទេ​។​

​ផល ត្រូវបាន​បញ្ញត្តិ​ក្នុង​មាត្រា​១២៧​នៃ​ក្រមរដ្ឋប្បវេណី​កម្ពុជា ឆ្នាំ​២០០៧​។ វា ជា​អត្ថប្រយោជន៍​ដែល​កើតចេញពី​វត្ថុ​។ ឧទាហរណ៍ ផ្លែស្វាយ​ជា​ផល​ដែល​កើតចេញពី​ដើម​ស្វាយ​។ ផ្លែស្វាយ ជា​ផល រីឯ ដើម​ស្វាយ ជាវ​ត្ថុ​។ វត្ថុ​ដើម​គឺ ជា​វត្ថុ​ដែល​បង្កើត​ផល​។ ឧទាហរណ៍ ផ្លែ​ដូង​ជា​ផល រីឯ ដើម​ដូង​ជា វត្ថុ​ដើម ដែល​បង្កើត​ផល​ជា​ផ្លែ​ដូង​។

​ផល​ត្រូវបាន​បែង​ចែកជា​ពីរ​គឺ ផល​ធម្មជាតិ​កើតចេញពី​វត្ថុ​ធ្វើ​លទ្ធកម្ម​តាម​វិធី​ប្រើ​ធម្មតា​។ ឧទាហរណ៍ ពង​ទា ជា​ផល​ធម្មជាតិ កើតចេញពី​មេ​ទា​ដែល​ចិញ្ចឹម​បីបាច់​ដោយ​កសិករ និង​ផល​ស៊ីវិល គឺ ជា​ប្រាក់ ដែល​ទទួលបាន​ពី​ប្រាក់​ថ្លៃ​ឈ្នូ​ល ឬ វត្ថុ​ផ្សេងទៀត ដែល​ទទួល​ជា​ថ្នូរ​ចំពោះ​ការប្រើប្រាស់​វត្ថុ​នោះ​។ ឧទាហរណ៍ ប្រាក់ ទទួលបាន​ពី​ការជួល​ផ្ទះ គឺ ជា​ផល​ស៊ីវិល​។ ចំណែកឯ ម្ចាស់​នៃ​វត្ថុ​ដើម ជា​អ្នកទទួលផល​ធម្មជាតិ និង​ផល​ស៊ីវិល​។ ផល​ស៊ីវិល​គឺ អាច​ទទួល​ទៅតាម​អំ​ទ្បុ​ង​ពេល​ទទួលផល​នោះ​ដោយ​គណនា​តាម​ចំនួន​ថ្ងៃ​។ វត្ថុ​ដើម មើលថែ ដោយ តតិយជន នាំឱ្យ ម្ចាស់​វត្ថុ​ដើម ត្រូវ​សង​សោហ៊ុយ​នៃ​ការ​មើលថែ​។ ប៉ុន្តែ​សោហ៊ុយ​នេះ សមល្មម មិនអាច​លើ​ពី​ផល​ទទួលបាន​ទ្បើ​យ​។​

​ឯកសារយោង​ក្រមរដ្ឋប្បវេណី​កម្ពុជា​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេ​ខៈ នស​/​រកម​/១២០៧/០៣១ ចុះ​ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ​២០០៧ និង​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​។​

​អត្ថបទ​: លោក ប៊ី (Mr. B)