ប្រជាជនរុស្ស៊ីកាន់តែច្រើនឡើង បាននាំគ្នាចេញតវ៉ាប្រឆាំងនឹងវត្តមានទាហានរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន បើទោះបីជាពួកគេទទួលរងនូវកាតរឹតត្បិត និងការចាប់ខ្លួនពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាលពួកគេយ៉ាងណាក៏ដោយចុះ។ ពួកគេកាន់តែច្រើនឡើងកាលពីថ្ងៃសៅរ៍បាននិយាយប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ខណៈដែលទាហានរុស្ស៊ីកំពុងបិទនៅរដ្ឋធានីអ៊ុយក្រែន។
ការតវ៉ាពីសំណាក់ប្រជាជនរុស្ស៊ីតាមដងផ្លូវទោះបីជាតូចក៏ដោយ បានបន្តឡើងវិញនៅក្នុងរដ្ឋធានីមូស្គូ និងទីក្រុងផ្សេងទៀតរបស់រុស្ស៊ីសម្រាប់រយៈពេលបីថ្ងៃជាប់គ្នានេះ។ ក្រុមអ្នកតវ៉ាបានដើរតាមដងផ្លូវ បើទោះបីជាមានការចាប់ឃុំខ្លួនលក្ខណៈទ្រង់ទ្រាយធំកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្តាហ៍នេះ។ ក្រុមសិទ្ធិមនុស្សដែលតាមដានការចាប់ខ្លួនផ្នែកនយោបាយ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤៦០នាក់នៅក្នុងទីក្រុងចំនួន ៣៤ របស់រុស្ស៊ី ត្រូវបានឃុំខ្លួន ជុំវិញការតវ៉ាប្រឆាំងសង្គ្រាមរបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ ក្នុងនោះជាង២០០នាក់នៅទីក្រុងមូស្គូ។
លិខិតថ្កោលទោសការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានបន្តធ្វើជាហូរហែ។ បុគ្គលិកពេទ្យជាង ៦ពាន់ នាក់បានសរសេរឈ្មោះរបស់ពួកគេនៅលើលិខិតនេះកាលពីថ្ងៃសៅរ៍។ ដោយឡែកមានស្ថាបត្យករ និងវិស្វករជាង ៣,៤០០ នាក់បានចូលរួមផងដែរ ខណៈដែលគ្រូបង្រៀន ៥០០ នាក់បានចុះហត្ថលេខាលើលិខិតនេះដែរ។
លិខិតស្រដៀងគ្នានេះដែរ ក៏ត្រូវបានអ្នកសារព័ត៌មាន សមាជិកក្រុមប្រឹក្សាក្រុង ឥស្សរជនវប្បធម៌ និងក្រុមវិជ្ជាជីវៈផ្សេងទៀត បាននិងកំពុងធ្វើចាប់តាំងពីថ្ងៃព្រហស្បតិ៍មក៕