ក្រសួង​ការបរទេស ​៖ ព័ត៌មាន​បឋម គឺ​ពុំ​មាន​ពលរដ្ឋ​កម្ពុជា​កំពុង​ស្នាក់នៅ ឬ​និស្សិត​កំពុង​សិក្សា​នៅ​អ៊ុយក្រែន​នោះ​ទេ

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក ជុំ សុន្ទរី បានឱ្យដឹងថា តាម​ការ​ផ្តល់​ព័ត៌មាន​របស់​សមាគម​និស្សិត​កម្ពុជា​នៅ​រុស្សី គឺ​ពុំ​មាន​ពលរដ្ឋ​កម្ពុជា​កំពុង​ស្នាក់នៅ ឬ​សិក្សា​រៀន​សូត្រ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើយ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) នៅ​ថ្ងៃទី​២៥ កុម្ភៈ​នេះ​។​

​ប្រភព​ដដែល បាន​ស្រង់​សម្តី​លោក ជុំ សុន្ទរី មក​បញ្ជាក់​ថា “​ដោយ​យើង​ពុំមាន​ស្ថានទូត​ប្រចាំ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានស្នើ​អោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រុស្សី​ស្វែងរក​ព័ត៌មាន ថា​តើ​មាន​ពលរដ្ឋ​កម្ពុជា​កំពុងស្នាក់នៅ ឬ​សិក្សា​រៀនសូត្រ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ឬទេ​?”។

​សម្រាប់​អ្នកនាំពាក្យ​រូបនេះ “​ប្រសិនបើ​មាន សូមអោយ​យកចិត្តទុកដាក់​អំពី​ករណី​សុវត្ថិភាព​របស់​ពួកគេ ហើយ​រាយការណ៍​ជូន​ក្រសួង​បាន​ទាន់ពេលវេលា ដើម្បី​មាន​វិធានការណ៍​”​។ តែ​ទោះបីជា​យ៉ាងនេះ​ក្តី លោក​ថា “​ក្រសួងការបរទេស បាន​ទទួលបាន​ព័ត៌មាន​បឋម​ពី​ស្ថានទូត​ថា តាម​ការ​ផ្តល់ព័ត៌មាន​របស់​សមាគម​និស្សិត​កម្ពុជា​នៅ​រុស្សី គឺ​ពុំមាន​ពលរដ្ឋ​កម្ពុជា​កំពុងស្នាក់នៅ ឬ​សិក្សា​រៀនសូត្រ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើយ ហើយ​ស្ថានទូត​នឹង​បន្ត​តាមដាន​បន្តទៅទៀត​”​។​

ប្រភព​ដដែល បាន​ចុះផ្សាយ​បន្តថា បន្ទាប់ពី​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​លើ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ម្សិលមិញ​ បណ្តា​ប្រទេស​នានា​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ប្រជាជន​របស់​ខ្លួន​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​សម្តេច ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ាន កាលពីពេល​ថ្មីៗ​នេះ អំពាវនាវ​ឱ្យមាន​កិច្ច​សន្ទនា និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​រវាង​ប្រទេស​ទាំងពីរ​៕​