មេដឹកនាំ​អ៊ុយ​ក្រែ​ន ​៖ វា​មិនយឺត​ពេល​ទេ​ក្នុងការ​បញ្ឈប់​ការឈ្លានពាន​របស់​រុស្ស៊ី ប្រសិនបើ​មេដឹកនាំ​អឺរ៉ុប​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស​

លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​លើកឡើងថា វា​មិនយឺត​ពេល​នោះទេ​ក្នុង​ការបញ្ឈប់​ការឈ្លានពាន​របស់​រុស្ស៊ី ប្រសិនបើ​មេដឹកនាំ​អឺរ៉ុប​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស ហើយ​ជាមួយគ្នានេះ​លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទូទាំង​អឺរ៉ុប​តវ៉ា និង​បង្ខំ​រដ្ឋាភិបាល​របស់​ពួកគេ​ឱ្យ​ចាត់វិធានការ​កាន់តែ​ម៉ឺងម៉ាត់​លើ​រុស្ស៊ី​។​

​លោក ហ្សេ​ឡេ​ន​ស្គី បាន​និយាយថា “​ខ្ញុំ​ប្រាកដថា អ្នក​ទាំងអស់គ្នា គឺ​អឺរ៉ុប​ទាំងមូល បានឃើញ​វិនាស​កម្មនេះ ហើយ​នៅពេលដែល​អ្នក​យឺតយ៉ាវ​ក្នុង​ការជួយ​អ៊ុយ​ក្រែ​ន តើ​នៅពេល​ខាងមុខ​អ្នកនឹង​ការពារ​ប្រទេស​របស់ខ្លួន​របៀប​ទៅ​”​។​

​ដោយឡែក​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​បានបង្ហាញ​ការព្រួយបារម្ភ​ថា ទីក្រុង​គៀវ របស់​អ៊ុយ​ក្រែ​ន អាច​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ស្រប​ពេលដែល​ទាហាន​រុស្ស៊ី​ បាន​វាយ​សម្រុក​ចូល​ក្នុង​សង្កាត់​មួយ​ចំនួន​នៅ​ភាគ​ខាងជើង នៃ​រដ្ឋធានី​គៀវ ប្រទេស​អ៊ុយ​ក្រែ​ន ព្រមទាំង​បាន​ដណ្តើម​កាន់កាប់​អាកាសយានដ្ឋាន Hostomel ដែលជា​អាកាសយានដ្ឋាន​ដ៏​សំខាន់​មួយ​ក្បែ​ទីក្រុង​គៀវ​។

​ក្នុង​ស្ថានការណ៍​បែបនេះ ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីក្រុង​គៀវ ជាច្រើន​បាន​ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ មក​ជ្រកកោន​នៅក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​មកម្ល៉េះ​។​

​សូម​ជម្រាបជូន​ថា រុស្ស៊ី​បាន​ឈ្លានពាន​មក​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ថ្ងៃ​ទីមួយ រុស្សី​បាន​បើក​ប្រតិបត្តិ​ការវាយប្រហារ​ទៅលើ​តំបន់​ដុន​បាស (Donbass) នៃ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​មាន​តំបន់​ផ្តាច់​ខ្លួន​ចំនួន ២ គឺ ដូ​ណេ​តក៍ (Donetsk) និង លូ​ហា​ន់ក៍ (Luhansk) ដែល​រុស្ស៊ី​ទើប​ទទួលស្គាល់​ជា​រដ្ឋ​ឯករាជ្យ និង​បាន​បន្ត​ការ​រុក​ចូល​កាន់តែ​ជ្រៅ​ចូល​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន តាម​ទិសដៅ​ជាច្រើន​ផ្សេងៗ​គ្នា សំដៅ​ទៅ​ទីក្រុង​សំខាន់ៗ ជាពិសេស​ទីក្រុង​គៀវ តែម្តង​។​

​នៅ​ចំពោះ​មុខការ​វាយ​សម្រុកចូល​យ៉ាង​លឿន​ពី​សំណាក​ទា​ហាន​រុស្ស៊ី មេដឹកនាំ​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡេ​ន​ស្គី បាន​អំពាវនាវ​ដល់​កងទ័ព​របស់ខ្លួន ឲ្យ​ខិតខំ​តស៊ូ​​ការពារ​ទីក្រុង​គៀវ និង​បាន​សំដែង​ការ​ខកចិត្ត​ចំពោះ មេដឹកនាំ​អឺរ៉ុប ដែល​មិន​ចាត់វិធានការ​ណាមួយ​សោះ ដើម្បី​បញ្ឈប់​ការឈ្លានពាន​ពី​សំណាក់​ទាហាន​រុស្ស៊ី​៕​