សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងចំណោមរដ្ឋមន្ត្រីគឺមានតែរដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលមានលោក វេង សារុន ជារដ្ឋមន្ត្រី គឺមិនសូវចេះសហការជាមួយរដ្ឋមន្ត្រីផ្សេងទៀត ដែលត្រង់ចំណុចនេះសម្តេចបានណែនាំឱ្យមានការកែតម្រូវពីរបៀបរបបនៃការធ្វើការងារឡើងវិញ។
ថ្លែងនៅចំពោះមុខលោក វេង សាខុន ដោយសម្តីម៉ឺងម៉ាត់ ក្នុងឱកាសដែលបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី២៣ កុម្ភៈនេះ សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា “មើល ខុន ឯង បង្កើនកិច្ចសហប្រតិបត្តិការបន្តិចមើល! ក្នុងចំណោមរដ្ឋមន្ត្រី ខ្ញុំសុំចង្អុលបង្ហាញថា ក្នុងចំណោមរដ្ឋមន្ត្រី រដ្ឋមន្ត្រីដែលមិនព្រមសហការជាមួយអ្នកដទៃគឺរដ្ឋមន្ត្រីកសិកម្មនេះឯង”។
ការលើកឡើងរបស់សម្តេច ហ៊ុន សែន បែបនេះ គឺធ្វើឡើងបន្ទាប់ពីសារឆ្លងឆ្លើយគ្នាបង្ហាញពីការយល់ឃើញខុសគ្នារវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់ទីផ្សារកម្ពុជា កាលពីពេលថ្មីៗនេះ។
សម្តេច ហ៊ុន សែន បានបញ្ជាឱ្យលោក វេង សាខុន សហការជាមួយក្រសួងសេដ្ឋកិច្ច និងក្រសួងពាក់ព័ន្ធដើម្បីធ្វើការងារពាក់ព័ន្ធ និងការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់ទីផ្សារកម្ពុជាឱ្យបានល្អ។ ត្រង់ចំណុចនេះ សម្តេច បានសង្កត់ធ្ងន់ថា “មិនមែនលោកឯងដឹកនាំក្រសួងកសិកម្ម រួចហើយត្រួតត្រាសេដ្ឋកិច្ចខ្មែរទាំងមូលណា! អាហ្នឹងខ្ញុំនិយាយឱ្យច្បាស់ជាមួយលោកឯង”។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច បានលើកឡើងថា យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងការពារទាំងអ្នកចិញ្ចឹម និងអ្នកប្រើប្រាស់។ ក្រសួងបញ្ជាក់ថា យន្តការមួយនេះនឹងត្រូវយកមកអនុវត្ត ក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ។
ដោយឡែក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពក្នុងការផ្គត់ផ្គង់ជ្រូក ១០០ ភាគរយហើយ ហេតុនេះពុំចាំបាច់អនុវត្តយន្តការដេញថ្លៃជ្រូករស់នាំចូលមកនោះទេ។ ម្យ៉ាងទៀតក្រសួងកសិកម្មបានពិនិត្យឃើញថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាអាចធានាការផ្គត់ផ្គង់ជ្រូកនៅលើទីផ្សារបានដោយពុំចាំបាច់នាំចូលទេ៕