លោក ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ បានដាក់ចេញវិធានការការបង្ការជំងឺកូវីដ១ ប្រភេទអូមីក្រុង សម្រាប់មន្ត្រីអប់រំរបស់ក្រសួងដែលបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ និងរាជធានី ខេត្ត ស្របពេលដែលក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុងនេះ មានការកើនឡើងជាលំដាប់។
ក្នុងសេចក្តីណែនាំចុះថ្ងៃទី១៨ កុម្ភៈនេះ លោករដ្ឋមន្ត្រីក្រសួងអប់រំ បានណែនាំឱ្យបន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់, ការបង្កើនការធ្វើតេស្តរហ័សចំពោះមន្ត្រីដែលចុះបេសកកម្មតាមរាជធានី ខេត្ត មុនពេលចូលកន្លែងការងារវិញ, ការលើកទឹកចិត្តឱ្យមានការចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ។
ក្នុងនោះត្រូវតាមដានរាយការណ៍ចំពោះសុខភាពរបស់មន្ត្រី, ត្រូវពាក់ម៉ាស លាងដៃជាប្រចាំ និងគ្រប់ច្រកចេញចូល ត្រូវកំណត់ឱ្យវាស់កម្ដៅជាប្រចាំ ក្នុងករណីមិនអនុវត្តតាមមិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណជាដាច់ខាត។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ១៩ ត្រូវរាយការណ៍ ឬទូរសព្ទទៅលេខ ១១៥ ជាបន្ទាន់។
សូមជម្រាបជូនថា ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១៨ កុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ចំនួន ៤១៤នាក់ ដែលលទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR៕