យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី

ទំនាស់​ដីធ្លី​ជា​ករណី​ដ៏​រសើប​មួយ​នៅក្នុង​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន​។ ទំនាស់​នេះ ​សុទ្ធ​តែមាន​ប្រភព​នៃ​ទំនាស់ មូលហេតុ​នៃ​ទំនាស់ និង​យន្តការ​នៃ​ការដោះស្រាយ​។

ដើម្បី​ជ្រួល​ជ្រាប​ពី​ដើមចម​នាំឱ្យ​កើត​ទំនាស់​ដីធ្លី និង​យន្តការ​ឆ្លើយតប​នឹង​ទំនាស់​នេះ សារព័ត៌មាន​ខ្មែរ​ឈានមុខ សូម​ធ្វើការ​បង្ហាញជូន​ដូចតទៅ​នេះ ៖

​តើ​មាន​មូលហេតុ​អ្វីខ្លះ​នាំឱ្យមាន​ជម្លោះដីធ្លី​? ដើម្បី​ឆ្លើយតប​នឹង​សំនួរ​មួយ​នេះ សូម​លើក​នូ​វ​ទទ្ប្ហីករណ៍​ចំនួន​០៥ (​ប្រាំ​)​គឺ ៖

១. ក្របខណ្ឌ​ច្បាប់​មិន​ច្បាស់លាស់ ឬ អាច​និយាយបានថា កង្វះ​អត្ថបទ​ច្បាប់​ក្នុងការ​គ្រប់គ្រង​លើ​បញ្ហាដីធ្លី​។ ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​ឃើញ​មានការ​បង្កើត​នូវ​លិខិតបទដ្ឋាន​គតិ​យុ​ត្តិ​ជា​បន្តបន្ទាប់ ដូចជា ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ក្រមរដ្ឋប្បវេណី​ឆ្នាំ​២០០៧ ច្បាប់​អស្សាមិក​រណ៍​ឆ្នាំ​២០១០ ជាដើម​។​

២. ភាពទន់ខ្សោយ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​កើតចេញពី ធនធានមនុស្ស​នៅមានកម្រិត កង្វះ​មធ្យោបាយ​ក្នុងការ​ដោះស្រាយ ដោះស្រាយ​ហើយ នៅតែ​ប្រជាពលរដ្ឋ​មិន​សុខចិត្ត​ទៀត នៅ​បន្ត​ប្តឹងទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ដដែល​។​

៣. ប្រជាពលរដ្ឋ​ខ្វះខាត​ឯកសារ​កម្មសិទ្ធិ​ដីធ្លី ដោយសារ កង្វះ​ការយល់ដឹង ក្តាប់​ព័ត៌មាន​មិនបាន​ពេល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​វាស់វែង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​។​

៤. កង្វះខាតភាព​ច្បាស់លាស់​ប្រភេទ​ដី​មិនដឹងថា​ដី​ណា​ជា​ប្រភេទ​ដីឯកជន​របស់​រដ្ឋ ដី​ណា​ជា​ប្រភេទ​ដី​សាធារណៈ​របស់​រដ្ឋ ដី​ណា​ជា​ដី​ជម្រក​ព្រៃឈើ បញ្ហា​នេះ ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ [​ក្រសួង​រៀបចំ​ដែនដី (​ដន​ស​)] កំពុងតែ​រៀបចំ​ចំណាត់ថ្នាក់​នៃ​ប្រភេទ​ដី​។​

៥. មន្ត្រី​ខិលខូច​មួយ​ក្តាប់​តូច​ដែល​ឆ្លៀតឱកាស​ធ្វើបាប​ប្រជាពលរដ្ឋ​ទន់ខ្សោយ​តាមរយ​:​ការប្រើប្រាស់​អំណាច តួនាទី​របស់ខ្លួន​។

​តើ​អ្វី​ទៅជា​អចលនវត្ថុ​? និង​បុគ្គល​ណាខ្លះ​អាច​ក្លាយជា​ម្ចាស់​លើ​អចលនវត្ថុ​? ក្នុងករណី​មាន​វិវាទ​កើត​ទ្បើង​តើ​ស្ថាប័ន​ណាខ្លះ​មាន​សមត្ថកិច្ច​? ផ្សាភ្ជាប់​នឹង​សំនួរ​ទាំងនេះ សូម​លើក​មូលដ្ឋាន​ច្បាប់​ដូចខាងក្រោម ៖

​ផ្អែក​តាម​ក្រមរដ្ឋប្បវេណី​កម្ពុជា​ឆ្នាំ​២០០៧ ត្រង់​មាត្រា​១២០ ក៏បាន​កំណត់​ពី​អត្ថន័យ​អចលនវត្ថុ​ថា អចលនវត្ថុ​គឺ សំដៅ​លើដី និង​វត្ថុ​ជាប់​ដី​ដែល​មិនអាច​បំលាស់​ទី​បានជា​អាទិ៍ សំណង់ អាគារ ដើមឈើ ជាដើម​។ ចំណែកឯ ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ត្រង់​មាត្រា​២ បានកំណត់​អំពី​ប្រភេទ​នៃ​អចលនវត្ថុ​ថា​មាន​បី​ប្រភេទ​គឺ ១. អចលនវត្ថុ​ពី​កំណើត ២. អចលនវត្ថុ​តាម​ភ​ព្វ​វាសនា និង​៣. អចល​នវ​ត្តុ​តាម​ការ​កំណត់ដោយ​ច្បាប់​។

​រដ្ឋធម្មនុញ្ញ​កម្ពុជា​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​១៩៩៣ ត្រង់​មាត្រា​៤៤ ក៏​បានចែង​ច្បាស់​ដែរ​ថា ជន​ណាក៏ដោយ​ទោះជា​បុគ្គល​ក្តី ជា​សមូហភាព​ក្តី​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​។ មានតែ​រូបវន្តបុគ្គល ឬ នីតិបុគ្គល​ដែលមាន​សញ្ជាតិ​ខ្មែរ​ទេ ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ធ្លី​។ កម្មសិទ្ធិឯកជន ស្របច្បាប់​ស្ថិតនៅក្រោម​ការ​គាំពារ​នៃ​ច្បាប់​។ ដែល​នឹង​ដកហូត​កម្មសិទ្ធិ​ពី​ជន​ណាមួយ​នោះ លុះត្រាតែ​ប្រយោជន៍​សាធារណៈ​តម្រូវ​ក្នុងករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក ហើយ​ត្រូវ​ផ្តល់​សំណង​ជាមុន​ដោយ​សមរម្យ និង​យុត្តិធម៌​។ មាត្រា ១២៨ ថ្មី ក៏បាន​ចែង​អំពី​អំណាចតុលាការ​ដែរ​ថា អំណាចតុលាការ​ជា​អំណាច​ឯករាជ្យ​។ អំណាចតុលាការ​ធានារ​ក្សា​អ​នា​គតិ និង​ការពារ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​។ អំណាចតុលាការ​គ្របដណ្តប់​លើ​រឿងក្តី​ទាំងអស់ រួមទាំង​រឿងក្តី​រដ្ឋបាល​ផង​។ អំណាច​នេះ​ត្រូវ​ប្រគល់ឱ្យ​តុលាការ​កំពូល និង​សាលាជម្រះក្តី​គ្រប់ផ្នែក និង​គ្រប់​ជាន់ថ្នាក់​។

​អនុក្រឹត្យ​លេខ​៤៦ ស្តីពី នីតិវិធី​នៃ​ការកសាង​ប្លង់​សុរិយោដី និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី​ឆ្នាំ​២០០២ និង​អនុក្រឹត្យ​លេខ​៤៧ ស្តីពី ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មការ​សុរិយោដី និង​ប្រកាស​រួម​ក្រសួងយុត្តិធម៌ និង​ក្រសួង​រៀបចំ​ដែនដី​(​ដន​ស​) ស្តីពី ការកំណត់​សមត្ថកិច្ច​របស់​តុលាការ និង​គណៈកម្មការ​សុរិយោដី​ទាក់ទង​នឹង​ទំនាស់​ដីធ្លី​ចុះ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០០៣​។

​ពេល​មានទំនាស់​ដីធ្លី​មួយ​កើតមាន តើ​មាន​យន្តការ​ណាខ្លះ​សម្រាប់​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​?

​ឆ្លើយតប​នឹង​សំនួរ​ខាងលើ សូម​លើកយក​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​ចំនួន​ពីរ​គឺ ក​. ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ និង ខ​. ការដោះស្រាយ​ក្នុង​ប្រព័ន្ធតុលាការ មក​បង្ហាញជូន​ដូចខាងក្រោម​នេះ ៖

​ក​. យន្តការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ រួមមាន​០៦ (​ប្រាំមួយ​) កន្លែង​ផ្សេងគ្នា​គឺ ១. ក្រុមប្រឹក្សាឃុំ ឬ សង្កាត់ ២. គណៈកម្មការ​សុរិយោដី ៣. គណៈកម្មការ​រដ្ឋបាល ៤. អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​[(​អាជ្ញាធរ​ជាតិ​(​អ​ជដ​)] ៥. គណៈកម្មការ​ពិសេស និង ៦. ផ្សេងៗ​តាម​តម្រូវ​ការចាំបាច់​។

១. ក្រុមប្រឹក្សាឃុំ ឬ សង្កាត់ មាន​ភារកិច្ច​ទទួល​ពាក្យបណ្តឹង​លើ​បញ្ហាដីធ្លី ប្រមូល​គំនិត​យោបល់​ពី​គ្រប់​គូភាគី​ទំនាស់​។ ប៉ុន្តែ​គ្មាន​សិទ្ធិអំណាច​ធ្វើ​សេចក្តីសម្រេច ដោយ​គ្រាន់តែ​សម្របសម្រួល ផ្នែក​លើ​ការយោគយល់​គ្នា គ្មាន​អំណាច​ចាប់បង្ខំ​។ ករណី​គូភាគី​ទំនាស់ មិន​ព្រមព្រៀង​ទទួលយក​ការសម្របសម្រួល​ទេ ត្រូវ​ប​ញ្ជួ​ន​ទំនាស់​នេះ​បន្តទៅ​គណ​:​កម្ម​ការ​សុរិយោដី​ថ្នាក់ក្រុង ថ្នាក់ស្រុក ឬ ថ្នាក់​ខណ្ឌ​។​

២. គណ​:​កម្ម​ការ​សុរិយោដី​ដោះស្រាយ​វិវាទ​ទាក់ទង​នឹង​អ​ល​ច​វត្ថុ​ដែល​មិនទាន់បាន​ចុះបញ្ជី​សុរិយោដី​។ ប្រកាស​រួម​ក្រសួងយុត្តិធម៌ និង​ក្រសួង​រៀបចំ​ដែនដី​(​ដន​ស​) ស្តីពី ការកំណត់​សមត្ថកិច្ច​របស់​តុលាការ និង​គណ​:​កម្ម​ការ​សុរិយោដី​ទាក់ទង​នឹង​ទំនាស់​ដីធ្លី​ចុះ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០០៣​។ គណៈកម្មការ​នេះ មាន​ពីរ​គឺ គណ​:​កម្ម​ការ​ថ្នាក់ជាតិ​ និង​គណ​:​កម្ម​ការ​ថ្នាក់ក្រោម​ជាតិ​។​

​គណ​:​កម្ម​ការ​សុរិយោដី​ថ្នាក់ក្រោម​ជាតិ​រួមមាន​៖ គណ​:​កម្ម​ការ​សុរិយោដី​ថ្នាក់ស្រុក ថ្នាក់​ខណ្ឌ ថ្នាក់ក្រុង និង​គណ​:​កម្ម​ការ​សុរិយោដី​ថ្នាក់​ខេត្ត ឫ ថ្នាក់​រាជធានី​។

​គណ​:​កម្ម​ការ​សុរិយោដី​ថ្នាក់ស្រុក ថ្នាក់​ខណ្ឌ ឬ ថ្នាក់ក្រុង មាន​ភារកិច្ច​ទទួល​ពាក្យ​បណ្តឹងផ្ទាល់ ឬ ប​ញ្ជួ​ន​មកពី​ថ្នាក់ឃុំ ឬ សង្កាត់​។ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង ត្រូវ​ចុះ​សិក្សា ស្រាវជ្រាវ ស្វែងរក​ការពិត ដោយមាន​សិទ្ធិ​ប្រើ​អំណាច​សារ​ធា​រណ​: ដូចជា ហាមឃាត់​ធ្វើ​សកម្មភាព​ណាមួយ​លើដី​ទំនាស់​។ គណ​:​កម្ម​ការ​នេះ មាន​សមត្ថកិច្ច​ផ្តល់​ការគាំទ្រ ការផ្សះផ្សា សម្របសម្រួល តែ​គ្មាន​អំណាច​ចាប់បង្ខំ​ទេ​។ ករណី​គូភាគី​ទំនាស់ មិន​ព្រមព្រៀង គ្នា​ត្រូវ​ប​ញ្ជួ​ន​សំណុំ​រឿងនេះ​ទៅ​គណ​:​កម្ម​ការ​ថ្នាក់​ខេត្ត ឬ ថ្នាក់​រាជធានី បន្ត​នីតិវិធី​ដោះស្រាយ​។​

​គណ​:​កម្ម​ការ​សុរិយោដី​ថ្នាក់​ខេត្ត ឬ ថ្នាក់​រាជធានី មាន​ភារកិច្ច​ទទួល​ពាក្យបណ្តឹង​ផ្ទាល់​ពី​ភាគី​ទំនាស់ ឬ ប​ញ្ជួ​ន​មកពី​គណ​:​កម្ម​ការ​ថ្នាក់ស្រុក ថ្នាក់​ខណ្ឌ ឬ ថ្នាក់ក្រុង​។ គណ​:​កម្ម​ការ​នេះ នឹង​ចុះ​សិក្សា ស្រាវជ្រាវ ស្វែងរក​ការពិត​។ នៅ​ឆ្នាំ​២០០៩ គណ​:​កម្ម​ការ​សុរិយោដី​ខេត្ត ឬ ថ្នាក់​រាជធានី ទទួលបាន​ប្រតិភូ​អំណាច​ដោយមាន​សិទ្ធិ​ចេញ​សេចក្តីសម្រេច​លើ​ទំនាស់​ដីធ្លី​។ ករណី​គូភាគី​ទំនាស់ មិន​ព្រមព្រៀង​ទទួល​យកតាម​សេចក្តីសម្រេច​របស់​គណ​:​កម្ម​ការ​ទេ សំណុំរឿង​ទំនាស់​នេះ ត្រូវ​ប​ញ្ជួ​ន​ទៅ​ថ្នាក់លើ​បន្តទៀត​គឺ ប​ញ្ជួ​ន​ទៅ​ក្រសួង​រៀបចំ​ដែនដី (​ដន​ស​)​។

​គណ​:​កម្ម​ការ​សុរិយោដី​ថ្នាក់ជាតិ​មាន​ភារកិច្ច​ទទួល​ពាក្យបណ្តឹង​ផ្ទាល់​ពី​ភាគី​ទំនាស់​ដីធ្លី ឬ ប​ញ្ជួ​ន​មកពី​គណ​:​កម្ម​ការ​សុរិយោដី​ថ្នាក់​ខេត្ត ឬ ថ្នាក់​រាជធានី​។ គណ​:​កម្ម​ការ​នេះ នឹង​រៀបចំ​ក្រុមការងារ​ចុះ​សិក្សា ស្រាវជ្រាវ ស្វែងរក​ការពិត ដោយមាន​សិទ្ធិ​ក្នុង​ការប្រើ​អំណាច​សារ​ធា​រណ​:​ហាមឃាត់​រាល់​ការធ្វើសកម្មភាព​ណាមួយ​ល​ដី​ទំនាស់​។ គណ​:​កម្ម​ការ​នេះ​មាន​សិទ្ធិ​ស្នើសុំ​ទៅ​នាយករដ្ឋមន្ត្រី ដើម្បី​ចេញ​សេចក្តីសម្រេច ក្រោមរូបភាព​ជា ស ជណ​។ ករណី​គូភាគី​ទំនាស់ មិន​ព្រមព្រៀង ភាគី​អាច​ប្តឹងទៅ អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ឬ ទៅ​ស្ថាប័ន​តុលាការ​បន្តទៀត​បាន​។​

៣. គណ​:​កម្ម​ការ​រដ្ឋបាល​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​អំ​ទ្បុ​ង​ពេល​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។ គណ​:​កម្ម​ការ​នេះ មាន​តួនាទី​ផ្សះផ្សា សម្របសម្រួល ដោយ​គ្មាន​អំណាច​ចាប់បង្ខំ​។ ករណី​ភាគី​ទំនាស់ មិន​ព្រមព្រៀង​ត្រូវ​ប​ញ្ជួ​ន​សំណុំ​រឿងនេះ​ទៅ​ថ្នាក់លើ​គឺ ក្រសួង​រៀបចំ​ដែនដី​(​ដន​ស​)​។

៤. អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ជា​ស្ថាប័ន​មួយ​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​២០០៦ មាន​ភារកិច្ច​ទទួល​ពាក្យបណ្តឹង​ផ្ទាល់​ពី​ភាគី​ទំនាស់​ដីធ្លី ឬ តាម​កា​រប​ញ្ជួ​ន​ពី គណៈកម្មការ​សុរិយោដី​ថ្នាក់ក្រោម​ជាតិ ឬ ថ្នាក់ជាតិ​[​ក្រសួង​រៀបចំ​ដែនដី (​ដន​ស​)] ឬ ក្រសួង​ផ្សេងទៀត​។ អាជ្ញាធរ​ជាតិ នឹង​រៀបចំ​ក្រុមការងារ​ចុះ​សិក្សា ស្រាវជ្រាវ ស្វែងរក​ការពិត ដោយ​ប្រើ​កំលាំង​សាធារណ​:​។ អាជ្ញាធរ​ជាតិ មាន​សិទ្ធិ​ធ្វើ​សវនកម្ម​លើ​ករណី​ទំនាស់​ដីធ្លី​នានា​ទូទាំងប្រទេស​។ ក្រោយពី​បាន​សិក្សា​ចប់សព្វគ្រប់ អាជ្ញាធរ​ជាតិ ធ្វើ​របាយការណ៍​ដាក់ជូន​នាយករដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​សេចក្តីសម្រេច​ក្រោមរូបភាព​ជា សជណ​។ ករណី​ភាគី​ទំនាស់ មិន​ព្រមព្រៀង​លើ​សេចក្តីសម្រេច​អាជ្ញាធរ​ជាតិ ភាគី​អាច​បន្ត​ប្តឹងទៅ​ស្ថាប័ន​តុលាការ​។

៥. គណៈកម្មការ​ពិសេស ត្រូវបាន​បង្កើត​ក្នុង​ក្របខណ្ឌ​ពិសេស ឧទាហរណ៍ ក្រុមការងារ​ដោះស្រាយ​វិវាទ​ដីធ្លី របស់​នាយករដ្ឋមន្ត្រី​។ គណ​:​កម្ម​ការ​នេះ​មាន​តួនាទី ផ្សះផ្សា សម្របសម្រួល តាមដាន អង្កេត បញ្ហា​វិវាទ ដើម្បី​រាយការណ៍​ជូន​នាយករដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​(​ដន​ស​) និង​ឬ អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​[​អាជ្ញាធរ​ជាតិ​(​អ​ជដ​)]​។​

៦. ក្រសួង​ផ្សេងៗ​ទៀត​ក៏មាន​សិទ្ធិ​ស្នើសុំ​សេចក្តីសម្រេច​ពី​នាយករដ្ឋមន្ត្រី​ផងដែរ ក្នុងករណី​មាន​ពាក្យបណ្តឹង​ចូលមក ដូចជា ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងការពារជាតិ​។ រីឯ រដ្ឋសភា ព្រឹទ្ធសភា ទទួល​បណ្តឹង​ទំនាស់​ដីធ្លី​ផងដែរ ប៉ុន្តែ​បង្វែរ​បណ្តឹង​នោះ​ទៅ​រាជរដ្ឋាភិបាល​ដោះស្រាយ​វិញ​។​

​ខ​. ការដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​ប្រព័ន្ធតុលាការ ជាគោលការណ៍​តុលាការ​ដោះស្រាយ​តែ​ដី​បាន​ចុះបញ្ជី និង​ដី​ដែល​បានផ្តល់​ប័ណ្ណកម្មសិទ្ធិ​រួចហើយ (​ដី​មាន​ប័ណ្ណ​អាចជា​ប្រភេទ​ដី​មាន​ប័ណ្ណកម្មសិទ្ធិ ឬ ដី​មាន​ប័ណ្ណ​ភោគ​:)​។ ទោះបី​លក្ខខណ្ឌ​នេះ​ជា​លក្ខខណ្ឌ​ដាច់ខាត​មួយ​ក៏ដោយ​ក៏​តុលាការ​នៅតែមាន​សមត្ថកិច្ច​ដោះស្រាយ​លើដី​ទំនាស់​មិនបាន​ចុះបញ្ជី​ដែល​ភាគី​ទំនាស់​មិន​ព្រម​ទទួល​យកតាម​សេចក្តីសម្រេច​របស់​គណ​:​កម្ម​ការ​សុរិយោដី ឬ អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​។

​សូមបញ្ជាក់​ផង​ថា តុលាការ​កម្ពុជា​បច្ចុប្បន្ន មាន​បី​ថ្នាក់ និង​ពីរ​ជាន់ គឺ សាលាដំបូង សាលា​ឧ​ទ្ទ​រណ៍ និង​តុល​ការ​កំពូល​។ ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​រួមមាន សាលក្រម ឬ សាលដីកា បើ​ចូល​ជា​ស្ថាព​រួចហើយ​គឺ បិទផ្លូវ​តវ៉ា​តែម្តង លើកលែង មូលហេតុ​នាំឱ្យ​មានការ​ជំនុំជម្រះ​សាជាថ្មី​៕​