គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសថា ស្ថាប័នមួយនេះនឹងខិតខំរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុក បើទោះបីជាស្ថានការណ៍បច្ចុប្បន្នកម្ពុជាកំពុងរងនូវការរាតត្បាតជំងឺកូវីដ១៩ក៏ដោយចុះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ គ.ជ.ប បានអះអាងថា “បញ្ហាដែលយើងព្រួយបារម្ភទាំងអស់គ្នា គឺជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែ គ.ជ.ប ក៏បានត្រៀមរួចហើយដែរ ដែលកិច្ចការនេះត្រូវធ្វើរួមគ្នាជាមួយក្រសួងសុខាភិបាល អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីឱ្យការបោះឆ្នោតនេះសម្រេចបានជោគជ័យ”។
ការប្រកាសរបស់ គ.ជ.ប នេះ បានធ្វើឡើងស្របពេល ដែលមានការបារម្ភថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ អាចនឹងមានភាពរាំងស្ទះ ឬមានភាពរអាក់រអួលស្របពេលដែលសន្ទុះនៃការឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង កំពុងបានផ្ទុះឡើងនិងរកឃើញជាបន្តបន្ទាប់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២៕