អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសថា វិធានការរដ្ឋបាល និងផ្លូវច្បាប់នឹងធ្វើឡើងដោយគ្មានការលើកលែងឡើយ ក្នុងករណីដែលបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្តធ្វើ បើទោះបីជាអាជ្ញាធរ បានធ្វើការហាមឃាត់ ស្របពេលដែលជំងឺកូវីដ១៩ ប្រភេទអូមីក្រុង បាននឹងក្នុងរីករាលដាលនៅក្នុងសហគមន៍។
ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន នៅថ្ងៃទី១៥ កុម្ភៈនេះ អាជ្ញាធររាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា “ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍កាន់តែច្រើនឡើងៗ ក៏ដូចជាធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតដាច់ខាតឱ្យមានការប្រមូលផ្ដុំធ្វើសកម្មភាពបាតុកម្មខុសច្បាប់ របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទៀតឡើយ”។
“ក្នុងករណីរឹងរូស បន្តសកម្មភាព ខុសច្បាប់ទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែង”។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា ក្នុងរយៈពេលនៃការធ្វើបាតុកម្មខុសច្បាប់របស់ក្រុមបាតុករនេះ បានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការកកស្ទះចរាចរ ព្រមទាំងបង្កការរំខានដល់ការប្រកបរបរអាជីវកម្ម ប្រកបការងារប្រចាំថ្ងៃរបស់ បងប្អូនប្រជាពលរដ្ឋ នៅជុំវិញតំបន់ធ្វើបាតុកម្មខុសច្បាប់ រហូតដល់មានសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់វិធានការដើម្បីធានានូវប្រក្រតីភាពនៃជីវភាព និងការរស់នៅប្រចាំថ្ងៃឡើងវិញ៕