សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសលើកពេលជួបសិស្សនិទ្ទេស A ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ប្រមាណ ១.៧៥៣ នាក់ ទៅថ្ងៃក្រោយវិញ ដោយសារតែកំណើនកូវីដ១៩ ប្រភេទអូមីក្រុង កំពុងរីករាលដាលនៅរាជធានីភ្នំពេញ។
យោងតាមផេកសម្តេច ហ៊ុន សែន ដែលបានបង្ហោះនៅយប់ថ្ងៃទី១៤ កុម្ភៈ នេះបានបញ្ជាក់ថា “ដោយសារកូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថាអូមីក្រុងបាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA និងអ្នកចូលរួម ខ្ញុំសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨ កុម្ភៈ ២០២២ ទៅពេលក្រោយវិញ”។
សម្តេច បានបន្តថា “ការរក្សាជីវិត និងសុខភាព គឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ។ រក្សាបានជីវិត និងមានសុខភាពល្អ មិនខ្វះទេពេលវេលានៃការជួបជុំ។ សង្ឃឹមថាចៅៗនិងក្រុមគ្រួសារ នឹងមានការយោគយល់នូវការលំបាកនេះ”។
សូមបញ្ជាក់ជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់មានចំនួន ៧២.០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១.៧៥៣នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣នាក់)។
ក្នុងចំណោមបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣នាក់ បេក្ខជនមកពីរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់,ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់៕