តើ​អ្វី​ទៅជា​កម្មសិទ្ធិ​អវិភាគ​?

ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ស្គាល់​តែ​ពាក្យ​ថា កម្មសិទ្ធិ រីឯ​ពាក្យ​អវិភាគ​ដែល​ភ្ជាប់​នឹង​ពាក្យ​កម្មសិទ្ធិ ភាគច្រើន​ពួកគាត់​ពុំបាន​យល់​ន័យ​នៃ​ពាក្យ​នោះទេ លើកលែងតែ​អ្នក​ដែល​បាន​សិក្សា​ផ្នែក​ច្បាប់ ឬ​ធ្វើ​ការងារ​ក្នុង​វិស័យ​ច្បាប់​ទើប​ឧស្សាហ៍​ជួប និង​យល់​ខ្លឹមសារ​នៃ​ពាក្យ​នេះ​។

​ដើម្បី​ដឹង​ច្បាស់​អំពី កម្មសិទ្ធិ​អវិភាគ សារព័ត៌មាន​ខ្មែរ​ឈានមុខ សូម​ធ្វើការ​បង្ហាញ​ដូចតទៅ​នេះ ៖​

កម្មសិទ្ធិ​អវិភាគ ​គឺ ជា​ស្ថានភាព​ដែល​បុគ្គល​ច្រើន​នាក់ មានកម្ម​សិទ្ធិ​ស្របទៅតាម​ភាគ​ចំណែក​របស់ខ្លួន ដែល​គិត​ទៅតាម​ចំនួន​នៅលើ​ទ្រព្យ​តែមួយ​។ ចំណែក​នៃ​ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ម្នាក់ៗ ត្រូវបាន​សន្មត​ថា ស្មើគ្នា លើកលែង​មានការ​ព្រមព្រៀង ឬ ការកំណត់​ផ្សេងទៀត​។

​ឧទាហរណ៍ ដី​ទំហំ មួយ​ហិកតា ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល មានកម្ម​សិទ្ធិករ បួន​នាក់​។ កម្មសិទ្ធិ​ករទាំង​បួន​នាក់​នេះ មាន​សិទ្ធិ​កម្ម​សិទ្ធិ​លើដី​តែមួយ​ជាមួយគ្នា កម្មសិទ្ធិ​ប្រភេទ​នេះ ត្រូវបាន​ហៅថា កម្មសិទ្ធិ​អវិភាគ​។​

​តើ​កម្មសិទ្ធិករ​នៃ​ទ្រព្យ​អវិភាគ​មាន​សិទ្ធិ​អ្វីខ្លះ​លើ​ទ្រព្យ​អវិភាគ​នោះ​?

១. ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ម្នាក់ៗ អាចអនុវត្ត​សិទ្ធិ​របស់ខ្លួន​បាន​ដោយ​សេរី​ដោយ​អាចធ្វើ​អនុប្បទាន ឬ ដាក់​ជា​ប្រាតិភោគ​(​ការដាក់​ទ្រព្យសម្បត្តិ​ដើម្បី​ធានា​បំណុល​)​នូវ​ចំណែក​របស់ខ្លួន​បាន​ក្នុង​លក្ខខណ្ឌ​មិន​ប៉ះពាល់​ដល់​ចំណែក​អ្នកផ្សេង​។ រីឯ ម្ចាស់បំណុល​នៃ​ម្ចាស់​កម្មសិទ្ធិ​អវិភាគ​វិញ អាច​រឹបអូស​ចំណែក​នៃ​ទ្រព្យ​អវិភាគ​នោះ​ក្រោមរូបភាព​ចំនួន​ពីរ​គឺ ក​. ករណី​មានការ​ព្រមព្រៀង​ពី​កូនបំណុល​នៃ​ទ្រព្យ​អវិភាគ និង ខ​. ប្រសិនបើ​គ្មាន​ការព្រមព្រៀង​ពី​កូនបំណុល​នៃ​ទ្រព្យ​អវិភាគ​ត្រូវ​ស្នើសុំ​សេចក្តីសម្រេច​ពី​តុលាការ​។

២. ម្ចាស់​កម្មសិទ្ធិ​អវិភាគ អាច​ប្រើប្រាស់​វត្ថុ​កម្មសិទ្ធិ​អវិភាគ​ទាំងមូល តាម​សមាមាត្រ​នៃ​ចំណែក​របស់ខ្លួន​បាន​។ ការប្រើប្រាស់​សិទ្ធិ​លើ​ទ្រព្យ​អវិភាគ​នេះ មិន​ត្រូវឱ្យ​ប៉ះពាល់​សិទ្ធិ​របស់​កម្មសិទ្ធិករ​ផ្សេងទៀត​លើ​ទ្រព្យ​អវិភាគ​ជាមួយគ្នា​នោះទេ​។

៣. ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ម្នាក់ៗ អាចធ្វើ​សកម្មភាព​ថែទាំ​វត្ថុ​កម្មសិទ្ធិ​អវិភាគ​ដោយ​ឯកឯង​បាន​។ ការថែទាំ​នេះ ម្នាក់ៗ​នៃ​កម្ម​សិទ្ធ​អវិភាគ​អាចធ្វើ​បាន​ដោយ​ពុំ​ចាំបាច់​មានការ​ព្រមព្រៀង​ពី​ម្ចាស់​អវិភាគ​ផ្សេង​ទៀតឡើយ​ព្រោះនេះ​ជា​សកម្មភាព​ដែល​មិន​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដ៏​ទៃ ហើយ​ជា​សកម្មភាព​មាន​ប្រយោជន៍​ដល់​វត្ថុ​កម្មសិទ្ធិ​អវិភាគ និង​ម្ចាស់​សិទ្ធិ​ផ្សេងទៀត​ផងដែរ​។​

៤. ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ម្នាក់ៗ មិនអាច​ចាត់ចែង​វត្ថុ​កម្មសិទ្ធិ​អវិភាគ ឬ ធ្វើការ​ផ្លាស់ប្ដូរ​អ្វី​សំខាន់ៗ​ទៅលើ​វត្ថុ​កម្មសិទ្ធិ​អវិភាគ​បានឡើយ លើកលែង​តែមាន​ការ​យ​ល់​ព្រម​ពី​ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ផ្សេងទៀត​។ កិច្ចការ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ការគ្រប់គ្រង​វត្ថុ​កម្មសិទ្ធិ​អវិភាគ ត្រូវ​សម្រេច​ដោយ​មតិ​ភាគច្រើន តាម​តម្លៃ​នៃ​ចំណែក​របស់​ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ម្នាក់ៗ លើកលែងតែ​ករណី​ការថែទាំ​វត្ថុ​កម្មសិទ្ធិ​អវិភាគ និង​ការផ្លាស់ប្ដូរ​មុខងារ​ប្រើប្រាស់​នៃ​វត្ថុ​កម្មសិទ្ធិ​អវិភាគ​។

៥. ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ម្នាក់ៗ ត្រូវ​ទទួលបន្ទុក​ក្នុង​ការបង់​សោហ៊ុយ​គ្រប់គ្រង ពន្ធដារ តាម​សមាមាត្រ​នៃ​ចំណែក​រៀងៗ​ខ្លួន​។ ប្រសិនបើ ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ណា​ម្នាក់​បាន​បង់​សោហ៊ុយ​ដើម្បី​ការថែទាំ​គ្រប់គ្រង ឬ បន្ទុក​ផ្សេងទៀត​ដែល​លើស​ពី​បន្ទុក​របស់​ខ្លួន ម្ចាស់​កម្មសិទ្ធិ​អវិភាគ​នោះ​អាច​ទាមទារ​ឱ្យ​ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ផ្សេងទៀត​សង​ប្រាក់​ដែល​ខ្លួន​បាន​បង់​លើស​នោះ តាម​សមាមាត្រ​នៃ​ចំណែក​រៀងៗ​ខ្លួន​បាន​។ សិទ្ធិ​ទាមទារ​សង​សោហ៊ុយ​ក៏​អាច​អនុវត្ដ​បានដែរ ចំពោះ​ជន​ដែល​បានទទួល​បន្ដ​នូវ​ចំណែក​របស់​ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ផ្សេង​។ ពេលដែល​ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ណា​ម្នាក់ បាន​បោះបង់​នូវ​ចំណែក​របស់ខ្លួន ឬ បានទទួល​មរណភាព​ហើយ​គ្មាន​សន្ដតិ​ជន​ទេនោះ ចំណែក​របស់​អ្នកនោះ​នឹងត្រូវ​បាន​ទៅ​ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ផ្សេង​។ ករណី​លើកលែង កម្មសិទ្ធិករ​លើ​ទ្រព្យ​អវិភាគ​ទាំងអស់​ទទួលមរណភាព គ្មាន​សន្តតិ​ជន ទើប​ទ្រព្យសម្បត្តិ​នោះ​ក្លាយជា កម្មសិទ្ធិ​របស់​រដ្ឋ (​មាត្រា​១៦១ ក្រមរដ្ឋប្បវេណី​កម្ពុជា​)​។

៦. ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ម្នាក់ៗ អាច​ទាមទារ​ឱ្យ​បែងចែក​វត្ថុ​កម្មសិទ្ធិ​អវិភាគ​បាន​គ្រប់ពេលវេលា​។ ប៉ុន្ដែ ម្ចាស់​កម្មសិទ្ធិ​អវិភាគ​អាចធ្វើ​កិច្ចសន្យា​ហាម​មិនឱ្យ​បែងចែក​វត្ថុ​កម្មសិទ្ធិ​អវិភាគ ក្នុងអំឡុង​ពេលដែល​មិន​លើសពី ៥(​ប្រាំ​)​ឆ្នាំ បាន​។ កិច្ចសន្យា​នេះ អាចធ្វើ​បន្ដបាន តែ​កិច្ចសន្យា​ដែល​ត្រូវបានធ្វើ​បន្ដ​ថី្ម​នេះ មិន​អាចមាន​អំឡុងពេល​លើសពី ៥(​ប្រាំ​)​ឆ្នាំ​បានឡើយ​។ ក្នុងករណី​ការពិភាក្សា​របស់​ម្ចាស់​កម្មសិទ្ធិ​អវិភាគ​អំពី ការបែងចែក​មិនអាច​សម្របសម្រួល​គ្នា​បានទេ ម្ចាស់​កម្មសិទ្ធិ​អវិភាគ អាច​ទាមទារ​ការ​បែង​ចែង ដោយ​ប្ដឹងទៅ​តុលាការ​បាន​។ ក្នុងករណីនេះ តុលាការ​អាច​បង្គាប់​ឱ្យ​បែងចែក​វត្ថុ តាម​រូប​ដើម​របស់​វា ឬ ប្រសិនបើ​មានការ​បារម្ភ​ថា ការបែងចែក​តាម​រូប​ដើម​នឹង​ធ្វើឱ្យ​ខូច​តម្លៃ​ហួសហេតុ ឬ ប្រសិនបើ​មាន​មូលហេតុ​សមរម្យ តុលាការ​អាច​បង្គាប់​ឱ្យ​លក់​ដេញថ្លៃ​ហើយ​ចែក​ប្រាក់​លក់​នោះ​តាម​ចំណែក ឬ អាច​បង្គាប់​ឱ្យ​ផ្ទេរ​ចំណែក​កម្មសិទ្ធិ​អវិភាគ​មួយ​ភាគ ឱ្យ​ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ផ្សេង ដោយ​ឱ្យ​បង់ប្រាក់​សំណង​នៃ​ចំណែក​នោះបាន​។​

៧. បើ​ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ណា​ម្នាក់ មាន​សិទ្ធិ លើ​បំណុល​ចំពោះ​ម្ចាស់​កម្មសិទ្ធិ​អវិភាគ​ឯទៀត ដោយសារ​ការថែទាំ គ្រប់គ្រង ឬ បន្ទុក​ផ្សេងទៀត​ទៅលើ​វត្ថុ​កម្មសិទ្ធិ​អវិភាគ​កម្មសិទ្ធិ​អវិភាគ​នោះ​អាចឱ្យ​កូនបំណុល​សង ដោយ​យក​ចំណែក​នៃ​វត្ថុ​កម្មសិទ្ធិ​អវិភាគ​ដែល ជា​ចំណែក​របស់​កូនបំណុល​នោះ នៅពេល​បែងចែក​បាន​។ បើ​មាន​ភាពចាំបាច់​ត្រូវ​លក់​ចំណែក​នៃ​វត្ថុ​កម្មសិទ្ធិ​អវិភាគ​របស់​កូនបំណុល​ដើម្បី​ទទួល​ការសង​សំណង ម្ចាស់បំណុល​អាច​ទាមទារ​ការលក់​នោះ​ចំពោះ​តុលាការ​បាន​។​

​សូមបញ្ជាក់​ផង​ថា កម្មសិទ្ធិ​អវិភាគ ជា​ផ្នែក​មួយ​នៃ​ទម្រង់​របស់​កម្មសិទ្ធិ ដែល​យកទៅ​អនុវត្តន៍​លើ​វត្ថុ​ទាំងពីរ​ទាំង​ច​លន​វត្ត និង​អចលនវត្ថុ ហើយ​កម្មសិទ្ធិ​អវិភាគ​នេះ​ក៏ត្រូវ​បាន​យកមក​អនុវត្ដ​ដូចគ្នា​ផងដែរ ចំពោះ​ករណី​ដែល​បុគ្គល​ជាច្រើន​នាក់​មាន​សិទ្ធិ​លើ​ទ្រព្យសម្បត្ដិ​ដែល​ក្រៅពី​កម្មសិទ្ធិ​៕

​ឯកសារយោង ក្រមរដ្ឋប្បវេណី​កម្ពុជា​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេ​ខៈ នស​/​រកម​/១២០៧/០៣១ ចុះ​ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ​២០០៧​។​