អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានហៅការរៀបចំដេញថ្លៃជ្រូករបស់មកផ្គត់ផ្គង់កម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ចនោះ គឺជាយុទ្ធសាស្ត្រមួយដែលពិបាកនឹងអនុវត្ត បើទោះបីជាយន្តការមួយនេះនឹងត្រូវយកមកអនុវត្តក្នុងករណី ដែលមានការខ្វះជ្រូកក៏ដោយចុះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម។
ការលើកឡើងនេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ចកម្ពុជាកាលពីម្សិលមិញនេះ បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចំនួនពីរទំព័រ បំភ្លឺជុំវិញការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។ សម្រាប់ក្រសួងសេដ្ឋកិច្ច យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជានឹងត្រូវយកមកអនុវត្តក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ។
ផ្ទុយពីការអះអាងរបស់ក្រសួងសេដ្ឋកិច្ច អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម បាននិយាយថា យន្តការខាងលើនេះគឺពិបាកនឹងយកអនុវត្ត គឺដោយសារថា តម្លៃជ្រូកមានការប្រែប្រួលជានិច្ចទៅតាមពេលវេលា និងទីកន្លែង ប្រសិនបើមានជំងឺផ្ទុះឡើងនោះតម្លៃមានការប្រែប្រួលខ្លាំងបំផុត។
ជុំវិញបញ្ហានេះ កាលពីពេលកន្លងទៅនេះ តាមរយៈកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើថ្លៃសាច់ជ្រូកលើទីផ្សារ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឯកភាពឱ្យមានការសិក្សាថ្លៃដើមផលិតកម្មជ្រូកនៅកម្ពុជាធៀបទៅនឹងប្រទេសជិតខាង។ ប៉ុន្តែបានទទូចមិនឱ្យរៀបចំនីតិវិធីដេញថ្លៃផ្គត់ផ្គង់ជ្រូករស់នោះឡើយ។
ប្រភពដដែល បានសង្កត់ធ្ងន់ថា “លទ្ធផលដែលទទួលបានពីការសិក្សាថ្លៃដើមផលិតកម្មជ្រូក មិនបានចង្អុលបង្ហាញឱ្យបង្កើតយន្តការដាក់ដេញថ្លៃនោះទេ បែរជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតែបន្តជំរុញរៀបចំសៀវភៅបន្ទុកស្តីពីការដេញថ្លៃនាំចូលសាច់ជ្រូករស់មកផ្គត់ផ្គង់ទីផ្សារកម្ពុជានៅច្រកព្រំដែនជាមួយប្រទេសថៃ ឬប្រទេសវៀតណាម”។
តែទោះបីជាយ៉ាងណា ក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ដែលកំពុងរៀបចំដោយក្រុមការងារអន្តរក្រសួង ដែលមានក្រសួងសេដ្ឋកិច្ចជាស្ថាប័នដឹកនាំសម្របសម្រួល មានគោលបំណងសំខាន់ គឺជួយលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាព ក្នុងការធ្វើអាជីវកម្មនាំចូលជ្រូករស់។ ក្នុងនោះគឺជាការធានានិរន្តរភាពនៃការចិញ្ចឹមជ្រូករបស់កសិករសំដៅជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងបរិបទនៃប្រក្រតីភាពថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ១៩៕