លោក ហង់​ជួន ណា​រ៉ុ​ន​ ៖ យុវជន​មួយ​ចំនួន​តូច ​បាន​ប្រព្រឹត្ត​សកម្មភាព​ភ្លើតភ្លើន​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់

រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់​ជួន ណា​រ៉ុង បាន​លើកឡើងថា យុវជន​មួយចំនួន​តូច​ បាន​ប្រព្រឹត្ត​សកម្មភាព​ភ្លើតភ្លើន​ភ្លេច​ការសិក្សា បាត់បង់​សេចក្តី​ថ្លៃថ្នូរ​បុគ្គល​ និង​ក្រុមគ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិខ្មែរ ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​។ នេះ​បើ​យោង​លិខិត​ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ របស់​ក្រសួង​អប់រំ​។​

​សម្រាប់​លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា សិស្សានុសិស្ស​មួយចំនួន​តូច​យល់ច្រឡំ​ថា ថ្ងៃ​១៤ កុម្ភៈ​ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់​ជួប​គ្នា​រវាង​គូស្នេហ៍ ខណៈ​ដែល​ទិវា​មួយ​នេះ ​ពុំមាន​ជា​ប្រពៃណី​របស់​ជនជាតិ​កម្ពុ​ជា​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ ក្រសួង​វប្បធម៌ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បាន​លើកឡើងថា ថ្ងៃទី​១៤ កុម្ភៈ ដែល​មនុស្ស​មួយ​ចំនួន​និយាម​ហៅថា ទិវា​នៃ​ក្តី​ស្រលាញ់ បាន​នឹង​កំពុង​ជ្រៀត​ចូលក្នុង​សង្គមជាតិ​ជាពិសេស​ក្នុង​ស្រទាប់​យុវជន​។ ក្រសួង​ថា ទិវា​នៃ​ក្តី​ស្រលាញ់​នេះ បានធ្វើឱ្យ​មនុស្ស​មួយចំនួន​ បានទទួល​យក និង​ប្រើប្រាស់​ដោយ​ភាព​ភាន់ច្រឡំ​នាំឱ្យមាន​ផលប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ​របស់​កម្ពុ​ជា​ទៀតផង​។​

​ត្រង់ចំណុច​នេះ ប្រជាជន​ជាពិសេស​យុវជន​កម្ពុជា ចាំបាច់​ត្រូវ​សិក្សា​ស្វែងយល់​ឱ្យ​ស៊ីជម្រៅ​ពី​វប្បធម៌ ប្រពៃណី ដែល​ជា​មរតក​ដ៏​ថ្លៃថ្លា​របស់​ដូនតា ព្រមទាំង​ស្វែងយល់​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​អំពី​ខ្លឹមសារ​នៃ​ថ្ងៃ​ទី​១៤ កុម្ភៈ ដែល​ជា​វប្បធម៌ ទំនៀមទម្លាប់​នាំចូល​ពី​ក្រៅ ដើម្បី​បន្ស៊ី និង​សម្រប​ទៅតាម​បរិបទ​នៃ​សង្គម​ខ្លួន​។

​សម្រាប់​ក្រសួង​វប្បធម៌ ទិវា​នៃ​ក្តី​ស្រលាញ់​នៅ​កម្ពុជា គួរ​ជា​ឱកាស​មួយ​ក្នុងការ​ចែកចាយ និង​ធានា​នូវ​ក្តី​ស្រលាញ់​ប្រកបដោយ​ភាពថ្លៃថ្នូរ ស្មោះសរ​បរិសុទ្ធ ចំពោះ​មនុស្ស​ជាទីគោរព​ស្រលាញ់​នៅ​ជុំវិញខ្លួន​យើង​ជាអាទិ៍ ​៖ ក្រុមគ្រួសារ​, ឱ​ពុក​ម្តាយ​, ប្តី​/​ប្រពន្ធ និង​ចំពោះ​ញាតិមិត្ត និង​មនុស្ស​មួយចំនួន​ដូចជា ជនពិការ​, កុមារ​កំព្រា និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន​ជាដើម​៕​