ប្រធានាធិបតី​កូរ៉េ ​៖ កម្ពុជា​គឺជា​ប្រទេស​ទី​១ ដែល​កូរ៉េ​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​

ក្នុងជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក មូ​ន ចេ​-​អ៊ី​ន ប្រធានាធិបតី​កូរ៉េ បាន​លើកឡើងថា កម្ពុជា​គឺជា​ប្រទេស​ទី​១ ដែល​កូរ៉េ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​។ លោក​បាន​សង្កត់ធ្ងន់ថា កម្ពុជា​គឺជា​ប្រទេស​ ដែលមាន​អាទិភាព​សម្រាប់​កូរ៉េ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការចុះ​កិច្ចព្រមព្រៀង​នេះ​។ នេះ​បើ​យោងតាម​​ផេ​ក​ផ្លូវការ​របស់​សម្តេច ហ៊ុន សែន ដែល​បង្ហោះ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​។​

​បើតាម​លោក​ប្រធានាធិបតី​កូរ៉េ កូរ៉េ​-​កម្ពុជា បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ហើយ​ប្រទេស​ទាំងពីរ ​ក៏មាន​កិច្ចសហ​ប្រតិបត្តិកា​រ​យ៉ា​ង​ល្អ​ ហើយ​លោក​សង្ឃឹមថា ប្រទេស​ទាំងពីរ​ នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​បន្តទៀត។ លោក ថា ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ កូរ៉េ​ បាន​បញ្ចប់​នីតិវិធី​ហើយ ហើយ​កំពុងតែ​បញ្ជូន​ទៅ​សភា​របស់​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ផ្ដល់​សច្ចាប័ន ដូច្នេះ​នីតិវិធី​នេះ​បាននិងកំពុង​បន្ត​នៅឡើយ​។​

​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅនេះ កម្ពុជា​ ក៏បាន​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​កូរ៉េ ផងដែរ​។ សម្តេច​ស្នើ​សុំឱ្យ​ភាគី​កូរ៉េ​ជួយ​ពន្លឿន​ការផ្ដល់​សច្ចាប័ន ដើម្បីឱ្យ​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​។

​សូម​រម្លឹក​ជូន​ថា ព្រះមហាក្សត្រ​កម្ពុជា បាន​ឡាយព្រះហស្ថលេខា​ដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២២​កន្លងទៅនេះ ក្រោយពី​ឆ្លង​ការពិនិត្យ​រួចរាល់​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​។ ការប្រកាស​ឱ្យប្រើ​ប្រាស់​នូវ​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង គឺជា​ការបើកផ្លូវ​ដើម្បីឱ្យ​កម្ពុជា និង​កូរ៉េខាងត្បូង អាច​អនុវត្ត​​​ដោយ​ពេញលេញ​នូវ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​គ្នា​។​

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង ត្រូវបាន​ក្រុមការងារ​ជំនាញ​នៃ​ប្រទេស​ទាំងពីរ បាន​ពិភាក្សា និង​តាក់តែងឡើង​កាលពី​ឆ្នាំ​២០២១​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​កម្ពុជា និង​លោក YEO Han-Koo រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១៕