សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃចន្ទ ទី៧ កុម្ភៈនេះ បានបង្ហោះសារបំភ្លឺជុំវិញការបកស្រាយរបស់សម្តេចនៅព្រឹកមិញនេះ ពាក់ព័ន្ធនឹងការដោះលែងសាស្ត្រាចារ្យជនជាតិអូស្ត្រាលី លោក សន ធើនណល ដែលជាប់ឃុំនៅប្រទេសមីយ៉ាន់ម៉ា ប្រមាណ១ឆ្នាំហើយនោះ ពីសំណាក់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
ការបំភ្លឺរបស់សម្តេច ធ្វើឡើងបន្ទាប់ពីសម្តេចនៅព្រឹកមិញនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិ លេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ សម្តេចបានលើកឡើងជុំវិញការដោះលែងលោកសាស្ត្រាចារ្យ ជនជាតិអូស្ត្រាជាទីប្រឹក្សាសេដ្ឋកិច្ច របស់លោកស្រី អង់ សាន ស៊ូជី ដែលរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ស្នើសុំឱ្យ សម្តេចលើកយកមកជជែកជាមួយភាគីមីយ៉ាន់ម៉ា ហើយត្រូវនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង សន្យាពិចារណាជាវិជ្ជមានជាមួយសម្តេច គ្រាដែលសម្តេចធ្វើទស្សនៈកិច្ចទៅកាន់មីយ៉ាន់ម៉ា។
សម្តេច ហ៊ុន សែន បានសរសេរសារបង្ហោះលើផេកផ្លូវការរបស់សម្តេច ដោយបញ្ជាក់ថា “ព្រឹកមិញខ្ញុំបានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលីដែលខ្ញុំបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា”។ ត្រង់ការលើកឡើងបែបនេះ សម្តេច ថា “តាមការជាក់ស្តែងជនជាតិអូស្ត្រាលីនេះមិនទាន់ទទួលបានការដោះលែងនៅឡើយទេ”។
សម្តេច បានបន្តទៀតថា “ការភ័ន្តច្រឡំនេះបណ្តាលមកពីសម្តេចទទួលបានព័ត៌មានខុស”។ តែទោះបីជាយ៉ាងណាក្នុងនាមជាមេដឹកនាំកម្ពុជាមួយរូប សម្តេច បានបញ្ជាក់ថា “សូមអធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ”។
ភ្លាមៗបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីបានបកស្រាយ ក្រសួងការបរទេសកម្ពុជានៅយប់ថ្ងៃដដែលនេះ បានចេញ សេចក្តីប្រកាសព័ត៌មានរបស់ខ្លួនបំភ្លឺជុំវិញអ្វីដែលសម្តេចនាយករដ្ឋមន្ត្រី លើកឡើងពាក់ព័ន្ធនឹងការដោះលែងជនជាតិអូស្ត្រាលីពីសំណាក់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
សម្រាប់ក្រសួងការបរទេស អ្វីដែលនាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងនេះ គឺដោយសារការផ្តល់ព័ត៌មានខុស ខណៈដែលលោកសាស្ត្រាចារ្យ សន ធើនណល នៅបន្តជាប់ឃុំឃាំងដដែលក្រោមការដឹកនាំពីសំណាក់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
តែទោះបីជាយ៉ាងនេះក្តី ក្រសួង បានបញ្ជាក់ថា “នៅក្នុងកិច្ចពិភាក្សាជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកពីករណីលោកសាស្ត្រាចារ្យ សន ធើនណល ហើយទទួលបានការធានាពីនាយឧត្តមសេនីយ៍ជាន់ខ្ពស់ថា គាត់នឹងពិចារណាករណីនេះឡើងវិញបន្ទាប់ពីដំណើរការតុលាការត្រូវបានបញ្ចប់”៕