អ​.​ប​.​ព​. ប្រកាស​ជា​សាធារណៈ​ហៅ​បុគ្គល​០៩​រូប​មក​ប្រកាស​ទ្រព្យសម្បត្តិ ​និង​បំណុល​ជៀសវាង​ប្រឈមមុខ​នឹង​ផ្លូវច្បាប់

អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា អ​.​ប​.​ព​. បានប្រកាស​សាធារណៈ​ហៅ​បុគ្គល​០៩​រូប​មក​ប្រកាស​ទ្រព្យសម្បត្តិ ​និង​បំណុល ដើម្បី​ជៀសវាង​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ បន្ទាប់ពី​អ្នក​ទាំងនោះ​មិនបាន​ចូលរួម​បំពេញ​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន​តាមច្បាប់​កំណត់​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​៧ កុម្ភៈ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​បុគ្គល​ទាំង​៩​នាក់​ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឱ្យ​ប្រញាប់ប្រញាល់​មក​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​នោះ​រួមមាន​ ៖១. លោក​អ៊ឹម សន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ ,២.​លោក វរសេនីយ៍ឯក ណ​យ ណុន នាយរង​ប៉ុស្តិ៍​នគរបាល​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​,៣. លោកស្រី យិន រស្មី ប្រធាន​ផ្នែក​ផ្សព្វផ្សាយ និង​ព័ត៌មាន នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបណីយកម្ម និង​សំណង់ ​,៤. លោក លឹម ឡោក​ពិសិដ្ឋ ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម​ ,៥.​លោក សោម សាបាន ទីប្រឹក្សា​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​
,៦. លោក សេរី ម៉ា​ណុប ទីប្រឹក្សា​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ​,៧. លោកស្រី ទិ​ត្យ​រ៉ា ឬ​ទ្ធិ​នី ជំនួយការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​,.៨ លោក សំ សេរី​រ័ត្ន អគ្គនាយករង នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​និង​៩ លោក ហេង ពិសាល នាយករង​ខុទ្ទកាល័យ នៃ​ក្រសួង​ក្រសួង​មុខងារសាធារណៈ​។​

​ជាមួយនឹង​ការប្រកាស​នេះ អ​.​ប​.​ព​. ក៏បាន​រំលឹក​ពី​ទិដ្ឋភាព​ផ្លូវច្បាប់ ​ដែល​អ្នក​ទាំងនេះ​ អាច​នឹង​ប្រឈម​ក្នុងករណី មិនបាន​អនុវត្តន៍​កាតព្វកិច្ច​ដែលមាន​កំណត់​នៅក្នុង​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។ បើតាម អ​.​ប​.​ព​. បាន​បញ្ជាក់ថា មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​បាន​ចែងថា ជន​ណា​ ដែល​មិនបាន​ប្រកាស ទ្រព្យសម្បត្តិ និង​បំណុល ឬ​បានប្រកាស​មិន​ត្រឹមត្រូវ​នូវ​ទ្រព្យសម្បត្តិ​របស់ខ្លួន​ទៅតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី ១ (​មួយ​) ខែ ទៅ ១ (​មួយ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០០.០០០ (​មួយ​សែន​) រៀល ទៅ ២.០០០.០០០ (​ពីរលាន​) រៀល ហើយ​ត្រូវ​បង្ខំ​ឱ្យធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ក្នុងករណី​រឹងរូស​មិន​ព្រម ប្រកាស​ទ្រព្យសម្បត្តិ​ទៀត ត្រូវ​ផ្ដន្ទាទោស​ទ្វេដង​៕​