ឆ្លើយតប​ទៅ​លោក ចូ ប៉ៃ​ឌិន​ ៖ សម្តេច ហ៊ុន សែន គាំទ្រ​ពេញទំហឹង​ចំពោះ​អាមេរិក​ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អាមេរិក​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ បាន​បង្ហាញ​ជំហរ​ច្បាស់ៗ​​​ពី​ការប្តេជ្ញា​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អាមេរិក​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក ក្នុង​ពេល​ខាងមុខនេះ​។ សម្តេច បាន​គូសបញ្ជាក់​ថា “​ក្នុងនាម​កម្ពុជា ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ ខ្ញុំ​សូមបញ្ជាក់​សារជាថ្មី អំពី​ការប្តេជ្ញា និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សហរដ្ឋអាមេរិក ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​”​។​

ការលើកឡើង​របស់​ស​ម្តេច ហ៊ុន សែន នេះ គឺធ្វើឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​សរសេរ​លិខិត​មកកាន់​សម្តេច​អំពី​បំណង​របស់​អាមេរិក​ក្នុង​ការធ្វើការងារ​ជាមួយ​កម្ពុជា​ ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​អាមេរិក​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ពេល​ខាងមុខនេះ​។​

ក្នុង​លិខិត​តប​ទៅ​ប្រធានាធិបតី​អាមេរិក ចុះ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២២ ជា​ភាសា​អង់គ្លេស និង​បកប្រែ​ក្រៅផ្លូវការ​ជា​ភាសា​ខ្មែរ សម្តេច​មានជំនឿថា កិច្ចប្រជុំ​កំពូល​ខាងមុខនេះ​នឹង​ផ្តល់នូវ​កាលានុវត្តភាព​ល្អ​សម្រាប់​យើង​ផ្លាស់ប្តូរ​យោបល់​គ្នា ថា​តើ​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន សហរដ្ឋអាមេរិក រីកចម្រើន​ទៅមុខ​បន្ថែមទៀត​។​

​ជាមួយគ្នានេះដែរ សម្តេច​ក៏បាន​អរគុណ​លោក ចូ បៃ​ឌិន ដែល​បាន​សរសេរ​លិខិតបញ្ជាក់​ពី​បំណង​របស់​អាមេរិក​ក្នុងការ​អញ្ជើញសម្តេច និង​មេដឹកនាំ​អាស៊ាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក​ដែល​សហរដ្ឋអាមេរិក​ធ្វើជា​ម្ចាស់ផ្ទះ និង​បំណង​ប្រាថ្នា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​អាស៊ាន​-​សហរដ្ឋអាមេរិក​បន្ថែ​ម​ទៀត ក្នុងពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នេះ​។​

សម្រាប់​សម្តេចនាយករ​ដ្ឋ​មន្ត្រី “​ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម និង​ជួប​ជាមួយ​ឯកឧត្តម​ដោយផ្ទាល់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​”៕​