សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ទាំង២នាក់ រួមមាន៖ ទី១ លោក ជួប ចាន់ណាត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២ ឈ្មោះ សេង វណ្ណារិទ្ធ ភេទប្រុស ស្នាក់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។ អ្នកទាំង០២នាក់នេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅនៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។
ការចាប់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ទាំង២នាក់នេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ កុម្ភៈ បានព្រមានចាត់វិធានការរដ្ឋបាលចំពោះបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ ដែលបំពានវិធានការសុខាភិបាលក្នុងករណីនៅតែចចេស រឹងរូស បន្តប្រមូលផ្តុំ ដែលជាហេតុបង្កឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀត បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសថា បាតុករនៃក្រុមតវ៉ាម្នាក់នៃក្រុមហ៊ុននេះត្រូវបានរកឃើញថាមានផ្ទុកកូវីដ១៩ ប្រភេទអូមីក្រុង។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខឱ្យសារព័ត៌មាន Fresh News នៅយប់ថ្ងៃសៅរ៍ ទី៥ កុម្ភៈនេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “ការឃាត់ខ្លួនពួកគេទាំង២នាក់នេះ យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងរារាំងដល់ការ អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ យោងតាមមាត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩”។
អ្នកនាំពាក្យដដែលនេះ បានបន្តថា បច្ចុប្បន្នអ្នកទាំង២នាក់ ត្រូវបាននាំខ្លួន និងបើកការសួរនាំនៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់។
ក្នុងដីកាបញ្ជាឱ្យចូលខ្លួនដាច់ដោយឡែកពីគ្នាចំនួនពីរ លោក សេង ហៀង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៥ កុម្ភៈនេះ បានបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនឈ្មោះ ជួប ចាន់ណាត ភេទប្រុស និងឈ្មោះ សេង វណ្ណារិទ្ធ ភេទប្រុស មកបង្ហាញខ្លួននៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃការស្នងការនគរបាលរាជធានីភ្នំពេញពីដំណើររឿងរារាំងដល់ការអនុវត្តវិធានការ។
អ្នកទាំងពីរនឹងអាចប្រឈមជាប់ពន្ធនាគារចន្លោះពី៦ខែ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី២លានរៀលដល់១០លានរៀល និងអាចប្រឈមជាប់ពន្ធនាគារចន្លោះពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី៥លានរៀលដល់២០លានរៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ក្នុងករណីដែលពួកគេត្រូវបានតុលាការរកឃើញថាបានប្រព្រឹត្តបទល្មើសស្របតាមខ្លឹមសារមាត្រា១១ នៃច្បាប់់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស្តីពីបទរារាំងដល់ការអនុវត្តវិធានការ៕