អគ្គ​មេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ គាំទ្រ​ដំណើរ​បេសកកម្ម​សម្តេច ហ៊ុន សែន ទៅ​មី​យ៉ាន់​ម៉ា​កាលពី​ពេល​កន្លង​ទៅ​នេះ

ក្នុងជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ កុម្ភៈ​នេះ នា​វិមាន​សន្តិភាព លោក ណា​រ៉ុង​ផាន់ ជិត​កែវ​ធែ (Narongpan Jittkaewtae) មេបញ្ជាការ​កងទ័ពជើងគោក​ភូមិន្ទ​ថៃ បានលើកឡើង​ពី​ការគាំទ្រ​ដំណើរ​បេសកកម្ម​ការងារ​របស់​សម្តេច ហ៊ុន សែន ទៅកាន់​មី​យ៉ាន់​ម៉ា​កាលពី​ពេល​កន្លងទៅនេះ ហើយ​លោក​មានជំនឿថា ក្នុងនាម​ប្រធាន​អាស៊ាន សម្ដេច​នឹង​នាំមក​នូវ​សាមគ្គីភាព និង​វឌ្ឍនភាព​អាស៊ាន នាពេលខាងមុខ​ជាក់​ជាមិនខាន​។ នេះ​បើ​យោងតាម​ផេ​ក​សម្តេច​ដែល​បាន​បង្ហោះ​នៅថ្ងៃនេះ​។​

លោក ណា​រ៉ុង​ផាន់ ជិត​កែវ​ធែ បាន​គូសបញ្ជាក់ថា នេះ​គឺជា​ដំណើរ​ចេញ​ក្រៅប្រទេស​លើក​ទី​១ ហើយ​កម្ពុជា​គឺជា​ប្រទេស​ទី​១ ដែល​លោក​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ក្នុងនាម​មេបញ្ជាការ​កងទ័ពជើងគោក​របស់​ថៃ​។ ជាមួយគ្នានេះ លោក​ក៏បាន​អបអរសាទរ ដែល​កម្ពុជា​ទទួល​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​នេះ​។​

​ពាក់ព័ន្ធ​នឹង​វិស័យ​យោធា​របស់​ប្រទេស​ទាំងពីរ​វិញ លោក បាន​គូសបញ្ជាក់ថា កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ មាន​ទំនាក់ទំនង​ល្អជា​យូរលង់​ណាស់​មកហើយ​។ លោក ថា ក្នុងនាម​លោក​ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក​និង​រក្សា​ទំនាក់ទំនង​នេះ និង​បន្ត​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ការជួញដូរ​មនុស្ស ការកាប់​ឈើ​ខុសច្បាប់ និង​អំពើ​ខុសច្បាប់​ដទៃទៀត​។

​ជាការ​ឆ្លើយតប សម្ដេច​បាន​អរគុណ​មេបញ្ជាការ​កងទ័ពជើងគោក​ភូមិន្ទ​ថៃ ដែល​បាន​គាំទ្រ​កម្ពុជា ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ នេះ និង​ដែល​បាន​គាំទ្រ​នូវ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។

​និយាយ​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ថៃ សម្តេច​ក៏បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។ សម្ដេច​ថា ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​ឡើង ជាពិសេស​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​។

​សម្តេច បាន​គូសបញ្ជាក់ថា ឈរលើ​ទំនាក់ទំនង​ដ៏​ល្អ​នេះ កងទ័ព​គប្បី​ណា​ដើរតួនាទី ជា​កងទ័ព​ការទូត រក្សា​សន្តិភាព ស្ថិរភាព បង្កើន​ជំនឿ​ទុកចិត្ត ឲ្យ​ប្រជាជន​នៅតាម​ព្រំដែន មាន​ជំនឿ​ចិត្ត​ប្រកប​អាជីវកម្ម ជំរុញ​ការអភិវឌ្ឍ​នៅតាម​ព្រំដែន ប្រែក្លាយ​ព្រំដែន​ជា​តំបន់​ដែលមាន​សន្តិភាព មិត្តភាព និង​ការអភិវឌ្ឍ​៕​