អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានទាមទារឱ្យលោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យការពារជាតិធ្វើការបំភ្លឺពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងសាកលវិទ្យាល័យការពារជាតិ ដែលជាប់ពាក់ព័ន្ធនឹងរូបលោក។
ការទាមទារនេះគឺធ្វើឡើងបន្ទាប់ពីស្ថាប័នមួយនេះ បានទទួលពាក្យប្តឹងកាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២២។ នេះបើយោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
បើតាមអង្គភាពប្រឆាំងអំពើពុករលួយ លោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក រងការចោទប្រកាន់ជាច្រើនករណីពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយក្នុងពេលបំពេញការងាររបស់លោកនៅក្នុងសាកលវិទ្យាមួយនេះ។
អំពើពុករលួយនោះរួមមាន ៖ ការតម្រូវឱ្យបុគ្គលតាមការិយាល័យបង់ប្រាក់ប្រចាំខែ ប្រចាំសប្តាហ៍, បង្ខំឱ្យនិស្សិតបង់ប្រាក់,តម្រូវឱ្យអ្នកព្យួរឈ្មោះបង់ប្រាក់, តម្រូវឱ្យអ្នកសុំចូលរៀនបន្តបង់ប្រាក់,ការឃុបឃិតគ្នាលក់រថយន្តរួមក្នុងសាកលវិទ្យាល័យទុកជាប្រយោជន៍ផ្ទាល់ខ្លួន រួមនឹងករណីផ្សេងៗទៀតជាច្រើន។
ACU បានសង្កត់ធ្ងន់ថា ការបំភ្លឺរបស់លោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក គឺជាមូលដ្ឋានសម្រាប់ស្ថាប័នមួយពិចារណាថាត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តលើពាក្យប្តឹងនេះ។ ទន្ទឹមនឹងគ្នានេះ ACU ក៏ឱ្យលោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក ផ្តល់ឯកសារពាក់ព័ន្ធករណីដែលលោករងពាក្យប្តឹងនេះមកអង្គភាពប្រឆាំងអំពើពុករលួយឱ្យទាន់ពេលវេលាផងដែរ៕