ADB អនុម័ត​ផ្តល់ជំនួយ​សរុប​ចំនួន​ជិត​៧​លាន​ដុល្លារ​ សម្រាប់​ជួយ​កម្ពុជា​លើ​វិស័យ​ចំនួន​ពីរ

ធនាគារ​អភិវឌ្ឍ​អាស៊ី​ហៅ​កាត់​ថា ADB ប្រកាស​ពី​ការសម្រេច​អនុម័ត​ផ្តល់ជំនួយ​សរុប ៦,៨​លាន​ដុល្លារ ដល់​កម្ពុជា​។ ជំនួយ​នេះ ​គឺ​នឹង​ជួយ​កម្ពុជា​ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍ លើកស្ទួយ​គុណភាព​និង​ផលិតកម្ម​ស្រូវ ព្រមទាំង​ពង្រឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ស្រូវ​នៅ​កម្ពុជា ដែល​រង​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។ នោះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​មួយ​នេះ នៅ​ថ្ងៃទី​៣១ មករា ឆ្នាំ​២០២២​នេះ​។​

ប្រភព​ដដែល បាន​បញ្ជាក់ថា កញ្ចប់​ទឹកប្រាក់ ៣,៧​លាន​ដុល្លារ ត្រូវបាន​គេ​រំពឹង​ថា ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជា​សហគមន៍​ចំនួន ៤​ពាន់​នាក់ តាមរយៈ​គម្រោង​ស្តារ​សហគមន៍​ទេសចរណ៍​សម្រាប់​ការ​ងើបឡើង​វិញ​ពី​កូ​វីដ​១៩ ដែល​វា​គ្រប់​ដណ្តប់​តំបន់​ក្បែរ​ប្រាសាទព្រះវិហារ ក្នុង​ខេត្តព្រះវិហារ និង​ប្រាសាទភ្នំដា ក្នុង​ខេត្តតាកែវ​។​

​ដោយឡែក​កញ្ចប់​ជំនួយ ៣,៩ លាន​ដុល្លារ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​ខ្នាតតូច​ចំនួន ២២.០០០​នាក់​។ វា​ជាការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ស្រូវ​ដែល​ធន់​នឹង​អាកាសធាតុ​នៅក្នុង​ខេត្តបាត់ដំបង កំពង់ធំ និង​ព្រៃវៃង​។​

​នាយក​ស្តីទី ធានា​គារ​អភិវឌ្ឍន៍អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា លោក Anthony Gill បាន​បញ្ជាក់ថា “​កញ្ចប់​ជំនួយ​ទីមួយ នឹង​ជួយ​សហគមន៍​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និង​សេវាកម្ម អតិថិជន ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន និង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់​។ កញ្ចប់​ជំនួយ​ទី​ពីរ នឹង​ជួយ​កសិករ​ដំណាំ​ស្រូវ​នៅ​កម្ពុជា បង្កើន​ប្រាក់ចំណូល និង​ភាព​ធន់​នឹង​អាកាសធាតុ​តាមរយៈ​ការដោះស្រាយ បញ្ហា​រំខាន​ផ្នែក​ដឹកជញ្ជូន និង​សង្វាក់​ផ្គត់ផ្គង់ ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​១៩”​។​

​សូម​ជម្រាបជូន​ថា ធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦៦ ធនាគារ​នេះ​គ្រប់គ្រង​ដោយ​សមាជិក​ចំនួន​៦៨​ប្រទេស ដែល​ក្នុងនោះ​មាន​៤៩​ប្រទេស មកពី​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​៕​