សហស្ថាបនិកនៃeCO ផ្លេតហ្វមម៉ីនុយឌីជីថលដំបូងនៅកម្ពុជា ចុះអនុស្សារណៈជាមួយការិយាល័យមេធាវីសិទ្ធិស័ក្តដើម្បីជួយពង្រឹងអាជីវកម្មរបស់ខ្លួនក្នុងសម័យឌីជីថលនេះ

ភ្នំពេញ៖ ដោយមានចក្ខុវិស័យ និងទស្សនៈមើលឃើញវែងឆ្ងាយធ្វើឱ្យអាជីវកម្មកាន់តែមានភាពរឹងមាំ និងមានការការពារផ្លូវច្បាប់ត្រឹមត្រូវឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារសម័យឌីជីថលនាពេលបច្ចុប្បន្ននិងនៅពេលអនាគតនោះ លោក ង៉ែត សុផាត សហស្ថាបនិក និងជានាយកប្រតិបត្តិនៃeCO ដំបូងនៅកម្ពុជា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានចុះអនុស្សារណៈយោគយល់គ្នាមួយជាមួយការិយាល័យមេធាវីសិទ្ធិស័ក្ត ដើម្បីជួយពង្រឹងអាជីវកម្មរបស់លោកក្នុងទិដ្ឋភាពផ្លូវច្បាប់កាន់តែមានភាពរឹងមាំ។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានខ្មែរឈានមុខកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ សហស្ថាបនិក និងជានាយកប្រតិបត្តិនៃeCO ដំបូងនៅកម្ពុជារូបនេះ បានពន្យលល់ថា សហគ្រិនថ្មីថ្មោងពិតជាត្រូវការជាពិសេសនូវសេវាកម្មផ្នែកច្បាប់ដើម្បីជួយដល់ការបង្កើតអាជីវកម្ម StartUp របស់ខ្លួន។ ជាក់ស្តែងជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកត្រូវប្រើសេវាប្រឹក្សាយោបល់ និងសេវាចុះបញ្ជីក្រុមហ៊ុនពេលលោកចុះបញ្ជីStartUpរបស់លោកកាលពីដើមឆ្នាំ២០២១។

កិច្ចសម្ភាសន៍លោក ង៉ែត សុផាត សហស្ថាបនិក និងជានាយកប្រតិបត្តិនៃeCO ដំបូងនៅកម្ពុជា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅហាងកាហ្វេភ្លេងច័ន្ទ បឹងកេងកង១

សម្រាប់លោក ង៉ែត សុផាត ការមានសេវាកម្មផ្លូវច្បាប់ដើម្បីការពារអាជីវកម្មរបស់ខ្លួន លោកនិងក្រុមការងារមិនសូវឈឺក្បាលច្រើន ហើយសន្សំពេលច្រើនក្នុងការមកផ្តោតលើការបង្កើតផលិតផលដើម្បីចូលទីផ្សារវិញ។ តែផ្ទុយទៅវិញ បើគ្មានការផ្តល់សេវាកម្មច្បាប់នោះទេ ច្បាស់ណាស់ លោក និងក្រុមការងារអាចចំណាយពេលច្រើនខ្លួនឯងដើម្បីសិក្សាស្វែងយល់ និងដំណើរការនិតិវិធី។

«ក្រុមហ៊ុនត្រូវអនុវត្តកាតព្វកិច្ចទូទៅនានា ដូចជា ការប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ ការអនុឡោមកាតព្វកិច្ចច្បាប់ការងារនានា ដែលទាំងនេះ សហគ្រិនត្រូវការជំនាញផ្នែកនេះផ្ទាល់ខ្លះ ឫត្រូវមានបុគ្គលិកទទួលខុសត្រូវផ្នែកនេះ ហើយបើយើងរៀនជំនាញនេះផ្ទាល់យើងចាយពេលច្រើន ហើយបើជួលបុគ្គលិក អាចចំណាយប្រាក់ខែច្រើនហើយមិនប្រាកដថា បុគ្គលិកអាចធ្វើបានអនុឡោម១០០%លើផ្នែកនេះទេ»។ នេះបើតាមការបញ្ជាក់របស់លោក ង៉ែត សុផាត។

លោក ង៉ែត សុផាត បានបន្តថា លោកចង់ឃើញeCOដែលជាពាណិជ្ជនាម (Brand) របស់ខ្មែរអាចចេញទៅបរទេសដោយមោទនភាព និងជាប្រាកដ ដូច្នេះលោក និងក្រុមការងារត្រូវធ្វើការងារជាមួយផ្នែកច្បាប់ដើម្បីត្រៀមតាំងពីក្បាលដំបូងៗនេះទៅ។ លោក បញ្ជាក់ថា កិច្ចការងារច្រើនណាស់ដែលត្រូវការផ្លូវច្បាប់ ហើយទាំងនោះសុទ្ធតែត្រូវការអ្នកជំនាញផ្នែកច្បាប់ដែលមានវិជ្ជីវៈខ្ពស់ជួយ។

សម្រាប់លោក ង៉ែត សុផាត ផ្លូវច្បាប់ពិតជាសំខាន់ និងជាអទិភាពមួយក្នុងអទិភាពមួយចំនួនទៀតក្នុងការចាប់ផ្តើម វិវត្ត និងការបន្តនិរន្តរភាពអាជីវកម្មខ្លួនឱ្យកាន់តែខ្លាំងក្លា និងមានការការពារផ្លូវច្បាប់រឹងមាំ។

សូមរំលឹកថាជូនថា eCO ផ្លេតហ្វមម៉ីនុយឌីជីថលដែលជាស្នាដៃកូនខ្មែរដំបូងនេះ បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី០៨ ខែ០៨ ឆ្នាំ២០២១ និងប្រកាសដាក់ឱ្យប្រើប្រាស់នៅក្នុងសហគមន៍ចំការដូងនៅថ្ងៃទី០៨ ខែ០៨ ឆ្នាំ២០២២តែម្តង។ បច្ចុប្បន្នeCO ផ្លេតហ្វមម៉ីនុយឌីជីថល បានទទួលការគាំទ្រយ៉ាងច្រើនពីម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដោយសារតែអាជីវកម្មរបស់ពួកគាត់កាន់តែមានការរីកចម្រើនចាប់តាំងពីប្រើប្រាស់ eCO ផ្លេតហ្វមម៉ីនុយឌីជីថលនេះមក៕ ដោយ៖ ឧត្តម