ភ្នំពេញ ៖ កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនាគតបេក្ខជននាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត បានផ្ញើសារទៅកាន់ឪពុកម្តាយ ក៏ដូចជាសិស្សសាលាផ្ទាល់ថា ការពង្រឹងសមត្ថភាពសិស្សចាប់ពីថ្នាក់បឋមដល់ថ្នាក់ទី១២ គឺជាគ្រឹះដ៏ធំ សម្រាប់កសាងធនធានមនុស្សរបស់កម្ពុជា។
ការលើកឡើងរបស់អនាគតនាយករដ្ឋមន្រ្តីកម្ពុជានេះ ស្របពេលការប្រឡងបាក់ឌុបនឹងប្រព្រឹត្តទៅក្នុងអំឡុងខែធ្នូ ខាងមុខនេះ។
តាមរយៈវីដេអូជាង៧នាទីបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃ៨ តុលា នេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំត្រូវផ្តល់ឱ្យមនុស្សតាំងពីក្មេង ហើយ មានបរិស្ថាន៣ ដែលមានឥទ្ធិពលដល់ការអប់រំរបស់ក្មេង។ បរិស្ថានទាំង៣នោះ រួមមាន៖ គ្រួសារ សាលា និងសង្គម។
លោកថា គ្រួសារមានឪពុកម្តាយ និងយាយតា ជាអ្នកអប់រំដ៏សំខាន់ទី១ សម្រាប់កូន ជាពិសេសផ្នែកសីលធម៌ និងចរិយាធម៌សម្រាប់ការរស់នៅ។
លោក ហ៊ុន ម៉ាណែតបញ្ជាក់ថា “ការអប់រំធនធាន មនុស្សយើង បើពង្រឹងបានថ្នាក់បឋមដល់ថ្នាក់ទី១២ វាជាមូលដ្ឋានគ្រឹះធំណាស់នៅក្នុងការកសាងធនធានមនុស្សមួយ មានសមត្ថភាព គុណធម៌ សីលធម៌ គ្រប់គ្រាន់សម្រាប់ធ្វើការវិភាគចាប់យកអ្វីល្អ មិនល្អ សិទ្ធិសេរីភាពរបស់គាត់ដោយការទទួលខុសត្រូវ នាពេលអនាគតសម្រាប់ជាតិរបស់យើង”។
លោកក៏បង្ហាញអារម្មណ៍ថា បើមានការអប់រំមួយដ៏ល្អ ក្នុងកម្រិតបឋមដល់ថ្នាក់ទី១២ នឹងធ្វើឱ្យសិស្សមានការ យល់ដឹង និងបំណិនជីវិតផ្សេងៗ ក្នុងការវិភាគ គិត និងពិចារណាលើបញ្ហាទាំងឡាយក្នុងសង្គម មុននឹងពួកគេទទួលយករឿងអ្វីមួយ៕ ដោយ៖ រិន ចំរើន