ភ្នំពេញ៖ eCO ផ្លេតហ្វមម៉ីនុយឌីជីថល (digital menu)ដំបូងនៅកម្ពុជា ដែលបង្កើតឡើងដោយលោក ង៉ែត សុផាត បាននឹងកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់បណ្តាម្ចាស់អាជីវកម្មគ្រប់ប្រភេទនៅតាមរាជធានីខេត្ត ខណៈដែល eCO ផ្លេតហ្វមមួយនេះ បានជួយធ្វើឱ្យអាជីវកម្មរបស់ពួកគេកាន់តែមានភាពល្អប្រសើរឡើងដែលខុសពីមុនឆ្ងាយ។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានខ្មែរឈានមុខកាលពីថ្ងៃទី១៥ កញ្ញា ម្សិលមិញនេះ លោក ង៉ែត សុផាត ស្ថាបនិក eCO ផ្លេតហ្វមម៉ីនុយឌីជីថល បានបញ្ជាក់ថា បច្ចុប្បន្ននេះមានម្ចាស់អាជីវកម្មប្រមាណ១៣០អាជីវកម្មហើយដែលកំពុងប្រើប្រាស់ eCO ផ្លេតហ្វមនេះ ហើយបច្ចុប្បន្នក៏កំពុងមានបណ្តាម្ចាស់អាជីវកម្មផ្សេងទៀតកំពុងទាក់ទងលោកដើម្បីឱ្យជួយបង្កើត eCO ផ្លេតហ្វមសម្រាប់អាជីវកម្មពួកគេ។
សម្រាប់លោក ង៉ែត សុផាត eCO ផ្លេតហ្វមនេះដំបូងឡើយ លោកចង់បង្កើតឡើងដោយប្រើប្រាស់នៅក្នុងអាជីវកម្មប្រភេទបែបជាកាហ្វេ។ ប៉ុន្តែលោកថា បច្ចុប្បន្ននេះគឺមានភាពចម្រុះតែម្តងសម្រាប់ម្ចាស់អាជីវកម្មដែលកំពុងប្រើប្រាស់eCO ផ្លេតហ្វមម៉ីនុយឌីជីថលនេះ ដូចជា ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹប ផាប់ (Pub) ហើយសូម្បីតែអាជីវកម្មប្រភេទសំអាងការក៏ប្រើប្រាស់Eco ផ្លេតហ្វមនេះដែរ ហើយបច្ចុប្បន្នeCO ផ្លេតហ្វមនេះទទួលការប្រើប្រាស់ពីបណ្តាម្ចាស់អាជីវកម្មនៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពតច្រើនជាងគេ។
លោក បានបន្តថា eCO ផ្លេតហ្វមនេះ គឺមានលក្ខណៈពិសេសត្រង់ថា eCO ផ្លេតហ្វមនេះ វាមិនមែនជាApp ដែលទាមទារឱ្យអ្នកប្រើប្រាស់ក្នុងការDownload យកមកប្រើប្រាស់នោះទេ។ លោកថា គ្រាន់តែយើងយកកាមេរ៉ាស្មាតហ្វូនស្គែនមកលើQR Code ដែលលោកបានបង្កើតឡើងសម្រាប់ម្ចាស់អាជីវកម្មមួយៗនោះ គឺអាចធ្វើការប្រើប្រាស់eCO ផ្លេតហ្វមម៉ីនុយឌីជីថលបានតែម្តង ដែលនេះបានផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការកម្មង់នូវមុខម្ហូបឬទំនិញ ដោយមិនចាំបាច់ប្រើម៉ីនុយប្រភេទជាក្រដាសដូចពីមុន ដែលនិងជួយឱ្យអាជីវកម្មរបស់ពួកគេកាន់តែមានការរីកចម្រើន។
eCO ផ្លេតហ្វមម៉ីនុយឌីជីថលនេះ ម្ចាស់អាជីវកម្មគ្រប់រូបអាចទទួលបានដោយមិនគិតថ្លៃអ្វីទាំងអស់។ ក្នុងករណីដែលពួកគេចង់បាន eCO ផ្លេតហ្វមនេះយកទៅប្រើប្រាស់ក្នុងអាជីវកម្មរបស់ពួកគេ គឺគ្រាន់តែទំនាក់ទំនងមកក្រុមការងារលោកដោយបញ្ជាក់ឱ្យច្បាស់ពីលេខទូរស័ព្ទ ទីតាំងនៃអាជីកម្ម ប្រភពអាជីវកម្ម ដែលពួកគេកំពុងតែដំណើរការដោយធ្វើការទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទរបស់ក្រុមការងារលោកដែលមានលេខ 096 888 9989។ លោក ថា សូម្បីដែលម្ចាស់អាជីវកម្មដែលរកស៊ីនៅតាមដងផ្លូវក៏អាចប្រើប្រាស់ eCO ផ្លេតហ្វមម៉ីនុយឌីជីថលមួយនេះបានដែរ។
eCO ផ្លេតហ្វម នេះគឺមានលក្ខណៈដំបូងបំផុត ប្លែកជាងគេបំផុត នៅលើពិភពលោក។ ជាក់ស្តែងម៉ីនុយឌីជីថ eCO ផ្លេតហ្វម គឺមានលក្ខណៈខុសពីគេដោយសារតែម្ចាស់អាជីវកម្មទាំងអស់អាចធ្វើការផ្លាស់ប្តូរម៉ីនុយមុខទំនិញរបស់ខ្លួននៅលើផ្លេតហ្វមនេះបាន ដោយម្ចាស់អាជីវកម្មមាន លេខគណនី (admin) មួយដោយខ្លួនឯង។ នេះបើតាមការលើកឡើងរបស់លោក ង៉ែត សុផាត។
លោក បានបញ្ជាក់ថា លក្ខណៈពិសេសនៃ eCO ផ្លេតហ្វមម៉ីនុយឌីជីថលនេះ នេះមានបីភាសាគឺភាសាខ្មែរ ចិននិងអង់គ្លេស ហើយការតំឡើងនេះទៀតសោតគឺត្រឹមតែ២០នាទីប៉ុណ្ណោះ។ លោក ថាបន្ទាប់ពីតំឡើងរួចរាល់ហើយនោះ ម្ចាស់អាជីវកម្មខ្លួនឯងអាចយកទៅកែប្រែនូវរូបភាពមុខទំនិញ តម្លៃ បានដោយខ្លួនឯងនៅលើ eCO ផ្លេតហ្វមមួយនេះ ដោយក្រុមការងារលោកមានវីដេអូពីរបៀបនៃការប្រើប្រាស់ដើម្បីឱ្យម្ចាស់អាជីវកម្មធ្វើការផ្លាស់ប្តូរម៉ីនុយតាមអ្វីដែលខ្លួនចង់បាន។
សូមជម្រាបជូនថា គម្រោង eCO ផ្លេតហ្វមម៉ីនុយឌីជីថលនេះ លោក ង៉ែត សុផាត មានបំណងចង់បង្កើតក្នុងអំឡុងឆ្នាំ២០១០។ ប៉ុន្តែការបង្កើតឡើងជាផ្លូវការគឺចាប់ផ្តើមនៅថ្ងៃទី០៨ ខែ០៨ ឆ្នាំ២០២១ និងប្រកាសដាក់ឱ្យប្រើប្រាស់នៅក្នុងសហគមន៍ចំការដូងនៅថ្ងៃទី០៨ ខែ០៨ ឆ្នាំ២០២២តែម្តង៕
ដោយ៖ វង្ស សំណាង