សភាកម្ពុជា-ឡាវ បន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាពឱ្យកាន់តែរឹងមាំខ្លាំងក្លាថែម​ទៀ​ត

ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី​​១៤ខែកញ្ញា ឆ្នាំ២០២២  បានចូលជួបសម្តែងកា​រគួរសមជាមួយ លោក ថងលួន ស៊ីសូលីត  អ​​គ្គ​លេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ នា​ទី​ក្រុ​ងវៀងចន្ទន៍ ខណៈសម្តេចប្រធានរដ្ឋសភា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋ ស​ភា​ក​ម្ពុ​ជា​ បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅក្នុង ប្រទេសឡាវ។

សម្តេចប្រធានរដ្ឋសភា បានជម្រាប ឯកឧត្តមប្រធានរដ្ឋ ពីគោលបំណងនៃ ដំ​ណើ​រ​ទ​ស្ស​ន​កិ​ច្ច​រ​បស់គណៈប្រតិភូនាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ ទំនងចំណងមិត្តភាព សា​ម​គ្គី​ភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែ​លមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេសរវាងរដ្ឋសភា នៃប្រ​ទេ​ស​ទាំងពីរ កម្ពុជា-ឡាវ។

សម្តេចពញាចក្រី ហេង សំរិន បានអបអរសាទរ ចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ រ​ដ្ឋា​ភិ​បាល និងប្រជាជនឡាវ សម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មានកា​រ​អ​ភិ​វឌ្ឍយ៉ា​ង​ឆា​ប់​​រហ័ស និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កាន់តែល្អប្រសើរ ហើយ​កិ​ត្យា​នុ​ភា​ព និងតួនាទីរបស់មិត្តឡាវ កាន់តែត្រូវបានលើកកម្ពស់ លើឆាក អន្តរជាតិ។

លោក ថងលួន ស៊ីសូលីត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួប ទ្វេភាគីរវា​ងស​ម្តេ​ច​ប្រ​ធា​នរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង លោក សាយ សំភូន ភូមវិហាន ប្រធា​ន​រ​ដ្ឋ​ស​ភា​ នៃសា​ធារណរដ្ឋប្រជា​ធិ​ប​តេ​​យ្យ​ប្រជាមានិតឡាវថា នឹងផ្តល់សារៈសំខាន់ នៅក្នុ​ង​កា​រ​ព​ង្រឹ​ង​ ព​ង្រី​​កចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ និង​មា​នប្រសិទ្ធភាពឡើង។

លោកប្រមុខរដ្ឋ បានអបអរសាទរចំពោះការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា និងបានថ្លែង អំ​ណ​រគុណដល់ពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់ សំាងកូវីដ-១៩ រថ​យ​ន្តដឹ​កវ៉ាក់សំាង និងបរិក្ខារពេទ្យជាច្រើនទៀត ដល់រដ្ឋាភិបាលឡាវ សម្រាប់ប្រយុទ្ធប្រឆំាងជំ​ងឺ​កូ​​វីដ-១៩ នាពេលកន្លងមកនេះ៕ ដោយ៖ គង់ សេដ្ឋាមុនី