ក្រសួងវប្បធម៌ និងក្រសួងប្រៃសណីយ៍ ចុះអនុស្សរណៈរួមគ្នាលើការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ បានចុះអនុស្សរណៈរួមគ្នាលើការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត។ លោក ជា វ៉ាន់ ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើអនុស្សរណៈដោយផ្ទាល់។

នាឱកាសនោះ  លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងផ្តល់ការគាំទ្រដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) សម្រាប់ផ្ទៀងផ្ទាត់ឯកសារ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតនៅក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងការសហការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីចូលរួមអភិវឌ្ឍវិស័យវប្បធម៌និងវិចិត្រសិល្បៈ។
អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក៏មានគោលបំណងក្នុងការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ របស់ក្រសួង ស្ថាប័ន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

ការដាក់បញ្ចូល QR Code ស្តង់ដានៅលើឯកសារ និងការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលរបស់ក្រសួងផងដែរ។លុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល
សូមបញ្ជាក់ថា ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ ក៏មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕