បន្ទាយមានជ័យ: បុរសម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ ស្រាវជ្រាវធ្វើការឃាត់ខ្លួន យកមកសួរនាំ កាលពីវេលាម៉ោង៥:៤១នាទីល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រោយពីបានប្រើអំពើហឹង្សានិងយកកាំំបិតអាកកូនប្រុសបង្កើតរបស់ខ្លួន នៅចំនុចមាត់ស្ទឹង ក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
អនុវត្តតាមបទបញ្ជារបស់លោក សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី ទូច ភេទប្រុស អាយុ ៣៧ឆ្នាំ ដកហូតបាន កាំបិតតាំងតោ១ដើម និងកូនប្រុសម្នាក់ អាយុ៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (ស្នាក់នៅតាមទីសាធារណៈ) ក្រោយតេសទឹកនោមមានលទ្ធផលសារធាតុញៀន(+)។
មុនឃាត់ខ្លួន ជនសង្ស័យ មានសភាពស្រវឹង បានធ្វើសកម្មភាព វាយដំ និងប្រើហឹង្សាលើកូនប្រុសរបស់ខ្លួន ហើយបានយកកាំបិតតាំងតោមកគំរាមផ្ទង់អាករ( តែមិនទាន់បានអាករទេ)។ បច្ចុប្បន្នកុមាររងគ្រោះ ត្រូវបាននគរបាលឃាត់ទុកបណ្តោះអាសន្នរង់ចាំសាច់ញាតិមកទទួល៕