កីឡាការិនីកម្ពុជា ស្រួង ភាវី៖ ​ដើម្បី​បាន​លើក​កិត្យានុភាព​ មោទកភាព​ និង​ភាព​ក្លាហាន​ ខ្លាំង​ក្លា​របស់​ជន​ជាតិ​ខ្មែរ​ ខ្ញុំ​សូម​ស៊ូ​ខ្សោះ​អស់​ពី​ក្នុង​ខ្លួន​ បូជា​ទាំង​កម្លាំង​ កាយ​ ចិត្ត

កូរ៉េ៖ កីឡាការិនីកម្ពុជា ស្រួង ភាវី  នៅថ្ងៃទី ១២ ខែកុម្ភៈនេះ បានលើកឡើងថា ដើម្បី​បាន​លើក​កិត្យានុភាព​ មោទកភាព​ និង​ភាព​ក្លាហាន​ ខ្លាំង​ក្លា​របស់​ជន​ជាតិ​ខ្មែរ​ ខ្ញុំ​សូម​ស៊ូ​ខ្សោះ​អស់​ពី​ក្នុង​ខ្លួន​ បូជា​ទាំង​កម្លាំង​ កាយ​ ចិត្ត។

ការលើកឡើងរបស់កីឡាការិនីឆ្នើមរបស់កម្ពុជារូបនេះ ធ្វើឡើងក្រោយបានឈ្នះពាន​ទី​៧របស់​LPBA ដែលធ្វើការប្រកួតនៅក្នុងប្រទេសកូរ៉េ ខាងត្បូង និបន្ទាប់ពីការយកឈ្នះកីឡាការិនីរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤លើប្រភេទកីឡាប៊ីយ៉ាការ៉ុម ។

កីឡាការិនីស្រួង ភាវី បានបញ្ជាក់ថា៖«ហេីយ​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់​ដេីម្បី​បាន​លេីក​កិត្យានុភាព​ មោទកភាព​ និង​ភាព​ក្លាហាន​ ខ្លាំង​ក្លា​របស់​ជន​ជាតិ​ខ្មែរ​ ខ្ញុំ​សូម​ស៊ូ​ខ្សោះ​អស់​ពី​ក្នុង​ខ្លួន​ បូជា​ទាំង​កម្លាំង​ កាយ​ ចិត្ត​ ធ្វើ​យ៉ាងណា​ពុះពារ​តស៊ូ​រហូត​បាន​ទទួល​នូវ​អ្វី​ដែល​ពុក​ម៉ែ​បងប្អូន​ចង់​ឃើញ​ ចង់​បាន​ ពី​កូន​ស្រី​កម្ពុជា​ម្នាក់​នេះ​»។

កីឡាការិនីរូបនេះ បន្ថែមថា៖«ព្រោះ​តែ​ជំពាក់​គុណ​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ទេីប​រូប​ខ្ញុំ​ខំប្រឹង​ ដេីម្បី​តប​ស្នង​នូវ​គុណូបការៈ​ មហា​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់»​។

សំណេរ របស់កីឡាការិនីរូបនេះនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី ១១ ខែកុម្ភៈ នៅក្រោយទទួលបានជោគជ័យបានឱ្យដឹងថា  ៖«ពាន​ទី​៧របស់​LPBAដែល​ខ្ញុំ​បាន​លើក​ក្នុង​ថ្ងៃ​នេះ​ ! » កីឡាការិនី​ រូបនេះ ជឿជាក់​ថា​ពុក​ម៉ែ​បងប្អូន​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​នូវ​ស្ថានភាព​នេះ​គ្រប់​ៗ​គ្នា​ គឺ​ថា​រាល់​កិច្ចការ​ទាំង​អស់​ដែល​យេីង​សម្រេច​បាន​ដោយ​ការ​តស៊ូ​ពុះពារ​ដ៏​ស្វិតស្វាញ​ នោះ​ប្រាកដ​ជា​ហត់​នឿយ​តាំងពី​ចាប់​ផ្ដើម​រហូត​ដល់​ពេល​សម្រេច​បាន​នូវ​លទ្ធផល​ នោះ​រូប​រាង​កាយ​របស់​យើង​នឹង​ទ្រុឌទ្រោម​ជា​ទំងន់​ ។ ប៉ុន្តែ​ដោយ​ហេតុ​យើង​សប្បាយ​រីករាយ​នូវ​លទ្ធផល​ដែល​យេីង​សម្រេច​បាន​ដោយ​សេចក្ដី​ព្យាយាម​ដ៏​មោះមុត​នេះ​ ធ្វើ​ឱ្យ​ភ្លេច​អស់​នូវ​ការ​ហត់​នឿយ​ទាំង​ប៉ុន្មាន​ដែល​បាន​ឆ្លង​ផុត​វា​ដោយ​លំបាក​លំបិន​នោះ៕