ភ្នំពេញ ៖ លោក សុខា ជាថ្នាក់ដឹកនាំមួយរូបនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថាក្រុមបាល់ទះនារីកម្ពុជាត្រូវការពេលវេលាដើម្បីវិនិយោគបន្ថែមថា ខណៈលោកង្កេតឃើញអ្នកដែលតាមដានការប្រកួតបាល់ទះនារី ជាពិសេស ពេលក្រុមបាល់ទះនារីកម្ពុជាឡើងប្រកួត ដោយបានលើកឡើងនូវមតិចម្រុះទាំងវិជ្ជមាន និងអវិជ្ជមាន។
លោក ស សុខា ក៏ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១០ ខែឧសភានេះបញ្ជាក់ថា លោកកត់សំគាល់ថា មតិវិជ្ជមាន ជាការគាំទ្រ និងជំរុញលើកទឹកចិត្ត ប្រកបដោយការឈ្វេងយល់កីឡាល្អិតល្អន់។ ចំណែកឯ មតិអវិជ្ជមាន លោក គិតថា បងប្អូនក៏គ្មានបំណងអាក្រក់ដែរ គ្រាន់តែថាមកពីបងប្អូនចង់ឃើញលទ្ធផលវិជ្ជមាន ច្រើនជាងអវិជ្ជមាន ក្រោយពីបងប្អូនបានឃើញក្រុមបាល់ទះបុរសកម្ពុជា ទទួលមេដាយប្រាក់ ក្នុងប្រវត្តិសាស្ត្ររាប់សិបឆ្នាំមកហើយមិនដែលមាន។
ក្នុងនាម ថ្នាក់ដឹកនាំមួយរូបនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលមាន លោក នេត សាវឿន ជាប្រធាន ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធផ្សេងទៀត លោក សូមបើកចំហរ និងស្វាគមន៍រាល់មតិយោបល់របស់បងប្អូនទាំងអស់ ក្នុងន័យស្ថាបនា ដើម្បីបានជាធាតុចូលអភិវឌ្ឍក្រុមបាល់ទះនារីទៅថ្ងៃមុខ ។ តែទន្ទឹមនេះ លោកឆ្លៀតឱកាសគូសបញ្ជាក់ខ្លះៗតាមការយល់ឃើញសម្រាប់ជាការពិចារណា ដូចខាងក្រោម៖
ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឬតាមគោលការណ៍កីឡាសឹងតែទូទៅ កាលណាមានផ្នែកបុរស ជាគូនឹងគ្នា គឺត្រូវមានផ្នែកនារី (បាល់ទះបុរស បាល់ទះនារី)។ ចំណុចនេះហើយ គឺជាមូលដ្ឋានដែលកម្ពុជាត្រូវបង្កើតបាល់ទះនារីឡើង និងដាក់វិញ្ញាសានេះចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីបង្កលក្ខណៈដល់បណ្ដាប្រទេសអាស៊ានដែលមានក្រុមបាល់ទះនារី អាចបញ្ជូនអត្តពលិកចូលរួមប្រកួត ក្នុងស្មារតីធ្វើឱ្យកាន់តែផុលផុសក្នុងព្រឹត្តិការណ៍ ដែលអាចហៅថា «ពិពិធកម្មកីឡា»។ ពោលគឺ ពុំមែនមានន័យថា យើងដាក់វិញ្ញាសា ដើម្បីតែបំណងយកឈ្នះមួយមុខគត់ប៉ុណ្ណោះទេ គឺក្នុងជំហរថា «កីឡាលើសពីឈ្នះ!»។
និយាយអំពីសមត្ថភាពវិញ លោក ទទួលស្គាល់ថា ក្រុមបាល់ទះនារីកម្ពុជា ពិតជានៅមានកម្រិត។ ប៉ុន្តែ បើនិយាយអំពីអតីតភាពវិញ ក្រុមបាល់ទះនារីកម្ពុជា ទើបបង្កើតឡើងបានប្រមាណ៦ខែមុនស៊ីហ្គេមចាប់ផ្ដើម ដោយបានទៅសិក្សារៀនសូត្រនៅប្រទេសចិនមួយរយៈខ្លីប៉ុណ្ណោះ។ ពេលវេលានេះ ឃើញថា ខ្លីណាស់ទាំងសម្រាប់ហ្វឹកហាត់ និងការចូលសមរភូមិប្រកួតដកពិសោធន៍ ទាំងក្នុងស្រុក និងក្រៅស្រុក។
បើធៀបនឹងបាល់ទះបុរសកម្ពុជាវិញ ខុសគ្នាឆ្ងាយណាស់ គឺបានបង្កើតឡើងប្រមាណ១០ឆ្នាំមកហើយ ដោយមានពេលវេលាវែងក្នុងការហ្វឹកហាត់ មានឱកាសប្រឡូកក្នុងការប្រកួតទាំងក្នុងស្រុក និងក្រៅស្រុក ទាំងមិត្តភាព និងដណ្ដើមពាន ពិសេស បានឆ្លងកាត់ការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងៗទៅថែមទៀត។
ជារួម សឹងតែគ្រប់រឿង ពេលវេលាសំខាន់ណាស់! យើងពុំអាចប្រើពេលដ៏ខ្លី ធ្វើឱ្យប្រភេទកីឡាមួយបានល្អបានទេ។ និយាយឱ្យខ្លី យើងមិនអាចជប់ក្រុមបាល់ទះនារីកម្ពុជា ឱ្យក្លាយជាក្រុមល្អ ឈានទៅដល់កម្រិតអាជីព និងទទួលបានមេដាយភ្លាមៗបានទេ។ «ពេលវេលា ក៏ជាទុនវិនិយោគស្នូលមួយក្នុងចំណោមទុនវិនិយោគស្នូលផ្សេងទៀតក្នុងវិស័យកីឡា»។
ជាមួយគ្នានេះ លោក បាន ថ្លែងអំណរគុណដោយស្មោះចំពោះស្មារតីរបស់បងប្អូនទាំងអស់ ដែលគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ស្របពេលជាមួយគ្នានេះដែរលោកបានអំពាវនាវបន្ថែមទៀតដល់បងប្អូនទាំងអស់គ្នាបន្តបង្ហាញឆន្ទៈគាំទ្រ និងលើកទឹកចិត្តដល់គ្រប់ក្រុមកីឡា និយាយជារួម។
និយាយដោយឡែក លោក សូមបន្តគាំទ្រ ជំរុញលើកទឹកចិត្តដល់ក្រុមបាល់ទះនារីកម្ពុជាដ៏ក្មេងខ្ចី គ្រប់រូបភាពនៃការផ្តល់កម្លាំងចិត្ត និងសម្ដែងទំនុកចិត្តលើពួកគេ ដើម្បីឱ្យពួកគេកាន់តែអង់អាច បញ្ចេញអស់ពីសមត្ថភាព។ ជាការពិតយើងមិនស្កប់ស្កល់នឹងអ្វីដែលយើងមានទេ តែយើងក៏ត្រូវរីករាយនូវអ្វីដែលយើងអាចបង្កើតឡើងបាន ឬអ្វីដែលយើងមានដែរ ដោយរួមគ្នាជាវិជ្ជមានគ្រប់រូបភាព ដើម្បីអភិវឌ្ឍបន្ត។ ថ្ងៃណាមួយ យើងនឹងឃើញនូវអ្វីដ៏អស្ចារ្យមួយ ខុសពីការគិតបច្ចុប្បន្ន។ ពោលគឺ មិនខុសពីក្រុមបាល់ទះបុរសកម្ពុជា ដែលដណ្ដើមមេដាយ«សំរឹទ្ធ»បានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមរៀបចំដោយវៀតណាមកាលពីឆ្នាំកន្លងទៅ និងឆ្នាំ២០២៣នេះ យើងឈានទៅដណ្ដើមបានមេដាយ«ប្រាក់» គួរឱ្យភ្ញាក់ផ្អើលនោះទេ៕