កីឡាការិនី ប៊ូ សំណាង៖ ខ្ញុំព្យាយាមរត់ឱ្យដល់ទី ព្រោះថានេះជាភារកិច្ចរបស់ខ្ញុំ ដែលខ្ញុំជាតំណាងជាតិ ទោះបីជាចាញ់ក្ដី ឬឈ្នះក្ដី ក៏ខ្ញុំមិនត្រូវបោះបង់ដែរ

ភ្នំពេញ៖កីឡាការិនីអត្តពលកម្មកម្ពុជារត់ចម្ងាយ ប៊ូ សំណាង កីឡាការិនីរូបនេះបានបង្ហាញអារម្មណ៍សប្បាយចិត្តដែលទទួលបានការលើកទឹកចិត្តដ៏ធំធេង ពីប្រជាពលរដ្ឋខ្មែរ អ្នកគាំទ្រ រួមទាំងសារព័ត៌មានជាតិ និងអន្តរជាតិ។

តាមប្រភពពីក្រសួងព័ត៌មាន កីឡាការិនីរូបនេះបានបញ្ជាក់ថា៖ ទោះបីជាខ្ញុំមិនទទួលបានជ័យលាភី រត់ក្រោយគេក៏ដោយ ដែលជាហេតុធ្វើឱ្យខ្ញុំមានកម្លាំងចិត្តតស៊ូ។ ទោះថ្ងៃនេះខ្ញុំមិនទទួលបានជោគជ័យ ក៏នៅថ្ងៃមុខ ខ្ញុំនឹងខំប្រឹងធ្វើយ៉ាងម៉េចបំពេញតួនាទីឱ្យល្អជាងនេះ។

កីឡាការិនីរូបនេះបន្តថា “ខ្ញុំព្យាយាមរត់ឱ្យដល់ទី ព្រោះថានេះជាភារកិច្ចរបស់ខ្ញុំ ដែលខ្ញុំជាតំណាងជាតិ ទោះបីជាចាញ់ក្ដី ឬឈ្នះក្ដី ក៏ខ្ញុំមិនត្រូវបោះបង់ដែរ។ ខ្ញុំត្រូវរត់ឱ្យដល់ទីដើម្បីប្រទេសជាតិរបស់ខ្ញុំ ទោះបីជាខ្ញុំមិនបានជ័យលាភី ក៏ខ្ញុំត្រូវធ្វើឱ្យដល់ទីដើម្បីប្រទេសជាតិខ្ញុំដែរ”។ នេះគឺជាការលើកឡើងរបស់ កីឡាការិនីអត្តពលកម្មកម្ពុជារត់ចម្ងាយ ៥ ០០០ម៉ែត្រ ប៊ូ សំណាង ក្នុងឱកាសចូលជួបជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ដើម្បីទទួលថវិកាឧបត្ថម្ភលើកទឹកចិត្តពីរឯកឧត្ដមរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

ជាមួយគ្នានេះដែរ កីឡាការិនីអត្តពលកម្មរូបនេះបានផ្តាំផ្ញើដល់កីឡាករដែលមិនបានចូលរួមប្រកួត ទោះមិនបានចូលរួមក៏យើងមានឈ្មោះថាជាកីឡាករដែរ ហើយយើងត្រូវខំប្រឹងបន្តទៀត ដើម្បីប្រទេសជាតិយើង ព្រោះយើងតំណាងឱ្យកម្ពុជា និងប្រជាជនជាង១៦លាននាក់ និងសូមកុំបាក់ទឹកចិត្ត។ កីឡាការិនី ប៊ូ សំណាង បានថ្លែងអំណរគុណចំពោះលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភដល់រូបនាង។

សូមបញ្ជាក់ថា កីឡាការិនីអត្តពលកម្ម ប៊ូ សំណាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសារត់ចម្ងាយ ៥ ០០០ ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមដំណក់ទឹកភ្លៀងយ៉ាងជោគជាំ បើទោះបីជាកីឡាការិនីរូបនេះមិនទទួលបានលទ្ធផលល្អ ប៉ុន្តែទទួលនាងបានតស៊ូពុះពាររត់ដល់ទីដោយមិនបោះបង់ការប្រកួត។

កីឡាការិនីរូបនេះក៏បានចូលរួមហ្វឹកហាត់ក្នុងអត្តពលកម្ម និងបានក្លាយជាកីឡាការិនីជម្រើសជាតិ អស់រយៈពេល៦ឆ្នាំ ហើយនេះជាលើកទីមួយដែលកីឡាការិនីរូបនេះបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្នុងវិញ្ញាសាចំនួនពីរគឺ ចម្ងាយ ១ ៥០០ ម៉ែត្រ និង ៥ ០០០ ម៉ែត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ដែលមានអត្តពលិកបានចូលរួមប្រកួតចំនួន៣៦វិញ្ញាសា៕