គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿង បុកគ្នា មុខបុរីញ៉ូថោន បណ្ដាលឱ្យបុរសតៃកុងឡានម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសអ្នកបើកបររថយន្តម្នាក់ បានរងរបួសធ្ងន់ ដោយគៀបជាប់ក្នុងរថយន្ត ក្រោយជួបគ្រោះចរាចរណ៍ រវាងរថយន្តដឹកថ្មក្រុមហ៊ុន L. M. H បើកបុកគូទរថយន្ត១គ្រឿងទៀត នៅចំណុចមុខបុរីញ៉ូថោន តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង៨:៣០នាទីព្រឹក ថ្ងៃ ទី៤ខែមករា ឆ្នាំ២០២៣ ត្រូវបានកងសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ គាស់យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

បើតាមប្រភពព័ត៌មានពីអ្នកនៅកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើត ហេតុបានឃើញរថយន្តដឹកថ្មទាំង២គ្រឿងធ្វើដំណើរស្របគ្នាតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតដោយរថយន្តធុនធំដឹកថ្មពណ៌លឿង ពាក់ស្លាកលេខត្បូងឃ្មុំ 3A 2793 លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្ត១គ្រឿងបើកឆ្លងកាត់ទើបជាប់ហ្វ្រាំងភ្លាមក៏មានរថយន្តធុនធំពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3A 3879 ក្រុមហ៊ុនL M H ដូចគ្នាមកពីក្រោយជ្រុលបុកគូទពេញទំហឹងបណ្តាលឱ្យគៀប តៃកុងនៅខាងក្នុងរថយន្តរងរបួសធ្ងន់ត្រូវបានក្រុម សង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ជួយគាស់យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ប្រភពដដែលខាងលើឱ្យដឹងទៀតថា រថយន្តទាំង២គ្រឿងជាប្រភេទរថយន្តបែនដឹកថ្ម របស់ក្រុមហ៊ុនL. M. H ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុតែដោយសារតែរថយន្តទាំង២គ្រឿងម្ចាស់តែមួយទើបប្រគល់ឱ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង៕