ភ្នំពេញ-កណ្ដាល ផលនេសាទត្រីសម្រេចបានជាង ១ពាន់តោន

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២-២០២៣ ផលនេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានបរិមាណ១៤៨១តោន កើនឡើងប្រមាណ ៤០%។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ។

ក្នុងនោះផលសម្រេចបានក្នុងរដូវនេសាទនេះរួមមាន៖ ត្រីរៀល ៤៥% ស្លឹកឫស្សី ៣០% ខ្នងវែង ៥% ត្រីកប្រូក៣% ត្រីច្រកែង ២% ត្រីល្បាត៥% និងត្រីចម្រុះ ១០%។

ចំណែកប្រជាពលរដ្ឋមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងលក់បន្ត មានចំនួនប្រមាណ៨ ០០០នាក់ ដោយមានប្រជាពលរដ្ឋប្រមាណ៩០% មកពីបណ្តាខេត្តផ្សេងៗ។

ក្រសួងបន្ថែមថា កំណើនត្រីដែលចាប់បាននៅក្នុងគន្លងដាយនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា បរិមាណត្រីទឹកសាបនៅក្នុងធម្មជាតិ មានការកើនឡើងជាងមុន ដែលជាលទ្ធផលនៃការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវបទល្មើសក្នុងបឹងទន្លេសាប ពីសំណាក់មន្ត្រីជលផលនិងកងកម្លាំងមានសមត្ថកិច្ចចម្រុះទាំងអស់កាលពីរដូវត្រីពង ក្នុងអំឡុងឆ្នាំ២០២២កន្លងទៅ។ នៅពេលដែលផលត្រីកើនឡើង ប្រជានេសាទនិងប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋានអាចរកត្រីទទួលទាន បានងាយ និងមានតម្លៃសមរម្យ ដែលជាកត្តារួមចំណែកកាត់បន្ថយភាពក្រីកនិងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍៕
ដោយ៖ រិន ចំរើន