នគរបាល ភ្នំពេញបំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធចំនួន ៤ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធចំនួន០៤ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់។

ប្រតិបត្តិការរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវឈានដល់បំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធ ចំនួន០៤ករណី និងឃាត់ខ្លួនជនសង្ស័យទាំង០៩នាក់នៅក្នុងភូមិសាស្រ្តខណ្ឌកំបូល ដែលធ្វើសកម្មភាពដោយជិះម៉ូតូដេញតាមម៉ូតូជនរងគ្រោះនៅតាមផ្លូវសាធារណៈមានសភាពស្ងាត់ជ្រងំហើយពួកវាយកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះឱ្យឈប់ម៉ូតូ ហើយធាក់ផ្តួលម៉ូតូក៏វាយជនរងគ្រោះដោយកាំភ្លើង ប្លន់យកម៉ូតូជិះគេចខ្លួនបាត់តែម្តង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ពុទ្ធិពល