ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានហៅលោក សម រង្ស៊ីថា ជាមនុស្សល្ងង់ដែលមិនដឹងអាណត្តិធម្មនុញ្ញអាស៊ាន និងអាណត្តិរបស់ប្រធានអាស៊ាន។
ការហៅនេះក្រោយពីលោក សម រង្ស៊ីបានចោទសម្តេចតេជោថា បន្លំធ្វើជាប្រធានអាស៊ាននៅចំពោះមុខប្រធានាធិបតីបារាំង ។
ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ផ្លូវលេខ ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ នាថ្ងៃ២២ ធ្នូ សម្តេចតេជោបានមានប្រសាសន៍ថា អតីតមេបក្សប្រឆាំងដែលមានរហស្ស នាមជាជនក្បត់ជាតិតពូជ៣ជំនាន់ថា សម្តេចប្លន់ប្រធានអាស៊ាននោះ គឺប្រៀបដូចជាប្រមាថប្រធានាធិបតីបារាំង និងសហភាពអឺរ៉ុបទាំងមូលផងដែរ។
សម្តេចតេជោ បង្ហាញការងើយឆ្ងល់ថា មិនយល់ទាល់តែសោះមានមនុស្សចង្រៃម្នាក់ គឺទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានចោទសម្តេចប្លន់ភាពជាប្រធានអាស៊ាន ដើម្បីទៅបោកប្រាស់ប្រធានាធិបតីបារាំង និងសហភាពអឺរ៉ុបនោះ។
សម្ដេចតេជោគូសបញ្ជាក់ថា «ខ្ញុំ មិននឹកស្មានថា មនុស្សធន់អន់ចឹង (ទណ្ឌិត សម រង្ស៊ី) ហើយបានវាចឹងនោះ អានេះពូជវាអន់តែអីចឹង វាល្ងង់ពេក ល្ងង់ដល់កម្រិតប៉ុណ្ណឹង មិនស្គាល់អ្វីទៅដែលហៅថា ធម្មនុញ្ញអាស៊ាន ហើយអាណត្តិរបស់ប្រធានអាស៊ាន»។
សូមបញ្ជាក់ថា កាលពីថ្ងៃ១៣ ធ្នូ ២០២២ លោក សម រង្ស៊ីបានលើក ឡើងក្នុងហ្វេសប៊ុកថា សម្តេចតេជោ លួចប្រើឈ្មោះថាខ្លួនជាប្រធានអាស៊ាន ដើម្បីឲ្យប្រធានាធិបតីបារាំង Emmanuel Macron ទទួលខ្លួន ជាផ្លូវការ។ តាមការពិត ប្រធានាធិបតីឥណ្ឌូនេស៊ី លោកJoko Widodoទេដែលជាប្រធានអាស៊ាន បច្ចុប្បន្ន។ លោកថា “កាលពីឆ្នាំ២០០៧ ប្រធានាធិបតីបារាំង Nicolas Sarkozy បានភ្លាត់ស្នៀតម្តងហើយ ដោយទទួលជនផ្តាច់ការ ប្រទេសលីប៊ី ឈ្មោះ Moammar Gaddafi ដែលត្រូវប្រជារាស្ត្រខ្លួនឯង កាត់ទោសប្រហារជីវិតនៅឆ្នាំ២០១១”៕ ដោយ៖ រិន ចំរើន