បន្ទាយមានជ័យ៖ ដោយទទួលបានការណែនាំ និងបទបញ្ជាពីលោក សិទ្ធិ ឡោះ ស្នងការឡេបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលតាមព្រំដែនត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ និងត្រូវបង្ក្រាបរាល់បទល្មើឆ្លងដែនគ្រប់ប្រភេទ។
ជាក់ស្តែងកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ បានទប់ស្កាត់ប្រជាពលរដ្ឋចំនួន ២២នាក់ (ស្រី០៩នាក់ កុមារ០៥នាក់) បម្រុងលួចឆ្លងដែនខសច្បាប់ទៅប្រទេសថៃ នៅចំណុចផ្ទះដែលម្ចាស់ទុកចោល មួយកន្លែងក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោក សួង សៅ មេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ៨១៥បានបញ្ជាក់ថា ពលរដ្ឋទាំងនេះត្រូវបានស្ទាក់ឃាត់យកមកសួរនាំ និងអប់រំ ខណះពួកគាត់ត្រូវបានមេខ្យល់យកមកបោះបង់ចោលនៅព្រំដែន និងពួកគាត់បានព្យាយាមឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់។ ពលរដ្ឋទាំងនោះមកពីខេត្តចំនួន
០៤គឺ:១-បន្ទាយមានជ័យ ១៣នាក់ ២-ឧត្តរមានជ័យ ០១នាក់ ៣.ខេត្តបាត់ដំបង ០៤នាក់ ៤.កំពង់ធំ ០៤នាក់។
តាមការសួរនាំ ពួកគាត់ជិះរថយន្តឈ្នួលមកចុះនៅចំណុចផ្លូវចូលច្រកបឹងបេង រួចធ្វើដំណើរទៅឈប់សម្រាកក្នុងផ្ទះមួយកន្លែង (ដែលម្ចាស់ទុកចោល) ចម្ងាយ ប្រហែល ១០០ម៉ែត្រ ពីផ្លូវជាតិ បំណងឆ្លងទៅប្រទេសថៃ (ស៊ីឈ្នួលកាប់អំពៅ) ។បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការនគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ពុទ្ធិពល