ព័ត៌មានរូបភាព៖ផ្សារទំនើប អ៊ីអន ទី៣ (AEON 3) ទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅថ្ងៃបើកសាកល្បងដំបូង

ភ្នំពេញ៖ ផ្សារទំនើប អ៊ីអន ទី៣ តម្លៃ ២៨៩,៦លានដុល្លារអាមេរិក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលបានចូលទៅទិញឥវ៉ាន់ ឬចូលទៅដើរលេងកំសាន្តនៅថ្ងៃដំបូងនៃការបើកសាកល្បងឱ្យដំណើរការកាលពីថ្ងៃទី១៥ ធ្នូ ម្សិលមិញនេះ។

ទិដ្ឋភាពរួមខាងក្រៅនិងខាងក្នុងផ្សារ ត្រូវបានបង្ហោះលើបណ្តាញទំនាក់សង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាតតាំងពីថ្ងៃម្សិលមិញ និងថ្ងៃនេះ ដែលបង្ហាញពីភាពសម្បូរបែបនៃទីកន្លែងម្ហូបអាហារ កន្លែងកំសាន្តសប្បាយផ្សេងៗ និងទីតាំងលក់ឥវ៉ាន់ដ៏ច្រើនសម្បូរបែបបើប្រៀបធៀបជាមួយផ្សារទំនើប អ៊ីអន ទី១ និងទី២ ។

ផ្សារទំនើប អ៊ីអន ទី៣ នេះមានផ្ទៃក្រឡាលក់រាយរហូតដល់ទៅ ១៧៤០០០ ម៉ែតក្រឡាឯណោះ។ ជាក់ស្ដែងផ្សារទំនើបអ៊ីអន ទី១ មានផ្ទៃក្រឡាទំហំ ៦៨០០០ ម៉ែត្រការ៉េ ឯផ្សារទំនើប អ៊ីអន ទី២ មានផ្ទៃក្រឡាទំហំ ១០០០០០ ម៉ែត្រការ៉េប៉ុណ្ណោះ។

សូមជម្រាបថា ផ្សារទំនើបអ៊ីអនទី៣ មានទីតាំងជាប់បណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតនៅក្នុងភូមិសាស្រ្ដ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងត្រូវបានអភិវឌ្ឍ ជាទីក្រុងរណបនៃរាជធានីភ្នំពេញ។ ហើយផ្សារនេះត្រូវបានបើកដំណើរការសាងសង់តាំងពីអំឡុងខែតុលា ឆ្នាំ២០២០ មកម្ល៉េះ៕ ដោយ៖ ឧត្តម