ភ្នំពេញ៖ ក្រោយមានការបញ្ចេញមតិរិះគន់ខ្លាំង ៗ ទៅលើ ក្រុមហ៊ុន Sastra Film ដែលផលិត រឿង “ស្នេហា (ល្ងង់+ល្ងង់)” អប់រំ បង្កប់ភាពស្រើបស្រាល ធ្វើឱ្យប៉ះពាល់ដល់សង្គមកម្ពុជា ជាពិសេសស្ត្រី និងកុមារ ។ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានលើកឡើងថា ជាប្រភេទរឿង 18+ សម្រាប់តែចាក់ផ្សាយក្នុង App ប៉ុណ្ណោះ។
អ្នកលេងបណ្តាញសង្គមរិះគន់ដែលមានគណនី Reurn Veasna បានសរសេរថា បើក Facebook ថ្ងៃនេះ ឃើញមិត្តភក្តិជាច្រើនឆាតមកសួរខ្ញុំពីរឿងនេះ។ គេសួរថា “វាសនា! ធ្លាប់តែឃើញសាស្ត្រាផលិតរឿងបែបអប់រំ។ ហេតុអី ក៏សាស្រ្តាផលិតរឿងបែបនេះ? មិនខ្លាចប៉ះពាល់ទេ?”
លោកបញ្ជាក់ថា បញ្ជាក់ថា រឿង “ស្នេហា (ល្ងង់+ល្ងង់)” ជាប្រភេទរឿង 18+ សម្រាប់ចាក់ក្នុងអេប មិនមែនសម្រាប់ចេញផ្សាយជាសាធារណៈទេ! នៅលើ Poster យើងបានបញ្ជាក់ច្បាស់ហើយថា វាជារឿងស្នេហា 18+ សម្រាប់តែអ្នកមានលក្ខខណ្ឌគ្រប់គ្រាន់ប៉ុណ្ណោះ។ ហើយរឿងនេះ មិនមែនជាប្រភេទរឿងអប់រំ ឬរឿងរ៉ាវជីវិតពិត ដូចរឿងដែលយើងចេញផ្សាយលើបណ្ដាញសង្គមទេ។ វាជាមាតិកាពិសេសសម្រាប់តែ Sastra Film App ទេ។
លោកបន្តថា សម្រាប់អ្នកធ្លាប់មើលរឿងលើគេហទំព័រអន្តរជាតិដូចជា Netflix ប្រាដកជាធ្លាប់ស្គាល់ហើយ រឿង៣៦៥ថ្ងៃ រឿង Fifty Shades និងរឿង Friends with Benefits ជាដើម។ អ្វីៗដែលអ្នកមើលឃើញ គ្រាន់តែជាផ្នែកមួយនៃសិល្បៈប៉ុណ្ណោះ។ ចំពោះរឿងអប់រំវិញ យើងនៅតែបន្តផលិតដូចដើម បងប្អូនអាចទស្សនារឿងជាច្រើនបានដូចជា៖ ភាពយន្តជីវិត ខ្សែរឿងជីវិត និងភាពយន្តនិទានជាត៌កជាដើម។
តែយ៉ាងណា លោកបានបញ្ជាក់ចុងក្រោយមួយទៀតថា រឿងនេះមិនមែនខ្ញុំនិពន្ធទេ។ ខ្ញុំមិនទាន់មានសមត្ថភាពសរសេររឿងស្នេហាស៊ីជម្រៅបែបនេះទេ ព្រោះនៅខ្វះបទពិសោធន៍។ សម្រាប់អ្នកចង់មើលរឿងនេះ អាចដោនឡូត App ហើយភ្ជាប់គម្រោងមើលបាន។ កុំឆាតសុំ Password ពីខ្ញុំអី! ខ្ញុំមានតែអាខោនមួយសម្រាប់មើលខ្លួនឯងទេ។
មានបណ្តាញសង្គមមួយ ដែលគេស្គាល់ថា ជាអ្នកនិពន្ធសៀវភៅមួយរូបដែរនោះបានបញ្ចេញមតិថា គួរស្គាល់សិល្ប:ឱ្យបានច្បាស់យើងមិនបានដឹងថារឿងនេះ យ៉ាងម៉េចទេ តែឈុតខ្លីមួយដែលបង្ហាញលើហ្វេសប៊ុក គឺជាឆាកស្រើបស្រាលគួរខ្ពើមនៅកម្ពុជា សម្បូរអ្នកថា មិនសម្បូរធ្វើ តែបើសម្បូរអ្នកធ្វើ គឺធ្វើទាំងងឹតងងុល មិនឆ្លងកាត់ការសិក្សារៀនសូត្រឱ្យបានត្រឹមត្រូវ។
លោកបន្តថា ជាទូទៅ ការផលិតភាពយន្តឈរលើគោលការណ៍២ គឺផលិតដើម្បីបញ្ចាំងក្នុងរោង និងបញ្ចាំងតាមកញ្ចក់ទូតទស្សន៍។នៅកម្ពុជាផលិតករភាពយន្តភាគច្រើនមិនបានឆ្លងកាត់សាលាភាពយន្តទេ តែយល់ដឹងតៗគ្នាទាំងស្រពិចស្រពិលមិនបានដឹងច្បាស់។
លោកបន្ថែមថា ផលិតករខ្លះ ព្យាយាមប្រើខួរក្បាលបែបល្ងង់ខ្លៅរបស់ខ្លួនទៅកាត់តឈុតឆាកស្រើបស្រាលមកបង្ហាញលើកញ្ចក់ទូរទស្សន៍ ដើម្បីទាក់ទាញអ្នកមើល ខណៈជាទូទៅ រឿងប្រភេទស្រើបស្រាល គេផលិតសម្រាប់បញ្ចាំងក្នុងរោង។ ចំណែកឯទូរទស្សន៍វិញ អ្នកមើលទាំងអស់ ភាគច្រើនគឺស្រ្តីមេផ្ទះ និងកូនៗរបស់គាត់ មិនមែនបុរស ដែលនិយមរឿងស្រើបស្រាលទេ។ ដូច្នេះ តើស្រ្តីមេផ្ទះទាំងនោះ នឹងអនុញ្ញាតឱ្យកូនៗរបស់គាត់មើលរឿងស្រើបស្រាលទាំងនោះតាមកញ្ចក់ទូរទស្សន៍ឬទេ?
ករណីមួយទៀត ភាពយន្តមួយរឿង ទោះវែងឬខ្លី នៅកម្ពុជាគឺត្រូវឆ្លងការពិនិត្យពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចំនួន២ លើក គឺមុនពេលចេញថត ត្រូវឆ្លងអត្ថបទនិពន្ធមួយលើក និងថតហើយកាត់តចប់ត្រូវឆ្លងមួយលើកទៀត។ សំណួរសួថាតើរឿងអសីលធម៌មួយចំនួន ដែលបានផ្សព្វផ្សាយកន្លងមក បានឆ្លងកាត់ការផ្តល់ប្រឹក្សាពីក្រសួងវប្បធម៌ ឬកហរសួងពាក់ព័ន្ធឬក៏អត់?៕ ដោយ៖ ពុទ្ធិពល