ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ Vladimir SVIRIDOV នាយសេនាធិការរង កងទ័ពជើងគោករុស្ស៊ី បានបង្ហាញសុទិដ្ឋិនិយម លើការបន្តពង្រឹងទំនាក់ទំនង ប្រកបដោយសក្តានុពល រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ (កម្ពុជា-រុស្ស៊ី) ជាពិសេសលើការងារ ហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស ។
ការបង្ហាញសុទិដ្ឋិនិយមរបស់ ឧត្តមសេនីយ៍ទោកងទ័ពជើងគោករុស្ស៊ី បែបនេះធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម ជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ។ ជំនួបនេះដែរធ្វើឡើង បន្ទាប់ពីគណៈប្រតិភូកងទ័ពជើងគោករុស្ស៊ី បានជួបបំពេញការងារជាមួយ ក្រុមការងារកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីពិភាក្សាអំពីការអនុវត្តទិសដៅ កិច្ចសហប្រតិបត្តិការទ្វេភាគី។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្វាគមន៍គណៈប្រតិភូ កងទ័ពជើងគោករុស្ស៊ី និងបានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កាដែលក្រុមការងារទាំងពីរសម្រេចបាន ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ជាពិសេសការឯកភាពលើខ្លឹមសារភាគច្រើន នៃសេចក្តីព្រាងអនុស្សារណៈស្តីពី កិច្ចសហប្រតិបបត្តិការ ក្នុងកម្រិតកងទ័ពជើងគោក។
លោកថា វឌ្ឍនភាពនៃទំនាក់ទំនងនេះ គឺជាជំហានថ្មីមួយទៀតនៃ កិច្ចខិតខំប្រឹងប្រែងរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិត ស្និទ្ធ និងមានមូលដ្ឋានផ្លូវការរឹងមាំ។
ចំណែកឧត្តមសេនីយ៍ទោ Vladimir SVIRIDOV បានបង្ហាញសុទិដ្ឋិនិយម ចំពោះសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនង ប្រកបដោយសក្តានុពលរវាង កងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសលើការងារហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស។
គួរបញ្ជាក់ថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូ ក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធ សហព័ន្ធរុស្ស៊ីនាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តទិសដៅ សហប្រតិបត្តិការទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក ឱ្យមានការបោះជំហានទៅមុខ ប្រកបដោយភាពវិជ្ជមាន ជាពិសេសទិសដៅនានាដែលបានពិភាក្សា និងឯកភាពនៅក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅសហព័ន្ធរុស្ស៊ី កាលពីឆ្នាំ២០១៩ និងទស្សនកិច្ចផ្លូវការរបស់លោក Nikolai Patrushev លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី កាលពីឆ្នាំ២០២១ កន្លងទៅ ៕ ដោយ៖ រិន ចំរើន