ភ្នំពេញ៖ ម្ចាស់គណនីហ្វេសប៊ុកដែលប្រើប្រាស់អាខោនឈ្មោះ DA Da បង្ហោះសារស្វែងរកអ្នកបើកបររថយន្តម៉ាក Pickup ពណ៌ស ផ្លាកលេខឡានរដ្ឋ-17 ដែលជាលេខសម្គាល់របស់ក្រសួងកសិកម្មឱ្យចូលខ្លួនមកធ្វើការដោះស្រាយ និងសុំទោសជាសាធារណៈ ពាក់ព័ន្ធនឹងការបើកបរវ៉ាជែងក្នុងល្បឿនលឿនលើផ្លូវល្បឿនលឿនក្នុងទិសដៅពីភ្នំពេញទៅកាន់ខេត្តកំពង់ស្ពឺ ថែមទាំងបើកពញាក់ភ្លើងហ្វាស៊ីញ៉ូ និងព្យាយាមចុចស៊ីភ្លេដេញឡានរបស់ខ្លួន ហើយខ្លួនបាននឹងកំពុងទាក់ទងក្រុមហ៊ុនផ្លូវល្បឿនលឿន ដើម្បីស្វែងរកផ្លាកលេខ និងកំពុងរៀបចំដាក់ពាក្យបណ្តឹងទៅក្រសួងកសិកម្ម។
យោងតាមសារបង្ហោះរបស់ម្ចាស់គណនីខាងលើនៅថ្ងៃទី៦ វិច្ឆិកានេះ បានសរសេររៀបរាប់ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ចន្លោះម៉ោង៥ទៅ៦ល្ងាច លើផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តកំពង់ស្ពឺ។ ប្រភពដដែល បានបញ្ជាក់ថា «ខ្ញុំបានបើកឡានក្នុនល្បឿន 110គ.ម/ម៉ោង ក្នុងគន្លងខាងឆ្វេង ក្នុងល្បឿនថេរកំណត់ដាយច្បាប់។ ស្រាប់តែមានរថយន្ត Ford Ranger ពណ៌សមួយគ្រឿងដោយពាក់ផ្លាកលេខ រដ្ឋ17- ក្រសួងកសិកម្ម បានព្យាយាមបើកវ៉ាជែងក្នុងល្បឿនលឿន ដោយបើកពញ្ញាក់ភ្លើងហ្វា ស៊ីញ៉ូ និង ព្យាយាមចុចស៊ីភ្លេដេញឡានរបស់ខ្ញុំ»។
ប្រភពដែល បានបញ្ជាក់ថា «ខ្ញុំនៅក្នុង Lane របស់ខ្ញុំ ព្រោះល្បឿន លឿនដល់ Limit ទៅហើយ មិនអាចឲ្យឡានខាងក្រោយនោះវ៉ាជែងភ្លាមៗបាន ។ ភ្លាមនោះៗស្រាប់តែឡានពាក់ផ្លាកលេខ ក្រសួងកសិកម្មបានវ៉ាជែង ខាងស្តាំ និង ឆាបចូលមកវិញ ជាហេតុធ្វើឲ្យខ្ញុំយសទើតែគ្រោះថ្នាក់ដល់អាយុជីវិត ។ ឡានដែលពាក់ផ្លាកលេខក្រសួងកសិកម្មនោះបានបើកទៅមុខ លឿនដូចកាំជ្រួចគេចខ្លួនបាត់»។
ពាក់ព័ន្ធនឹងករណីនេះ ម្ចាស់គណនីហ្វេសប៊ុកដដែលនេះចង់ឃើញអ្នកដែលបើកបរខាងលើនេះមុខមកធ្វើការដោះស្រាយ និង ធ្វើការសុំទោសខ្លួនដែលស្ទើរតែនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត និងថែមទាំងព្រមានថានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ។
«សូមស្នើសុំដល់លោកអ្នកដែលជាមន្រ្តីរាជការធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋផងដែរ ។ មន្ត្រីពាលបែបនេះ មិនសមប្រើប្រាស់រថយន្តរដ្ឋដែលប្រជាពលរដ្ឋប្រឹងរកស៊ីបង់ពន្ធអោយឡើយ។ ខ្ញុំសុំធ្វើការថ្កោលទោសដល់មន្ត្រីពាលរូបនេះ»។ នេះជាការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកដដែលនេះ។
បន្ថែមជាមួយគ្នានេះម្ចាស់គណនីដដែលនេះ ក៏បង្ហាញការសោកស្តាយជាខ្លាំងដែលឃើញមន្ត្រី បើកបរ ក្នុងល្បឿនលឿនហួសកំណត់ ដោយគ្មានការទទួលខុសត្រូវនិង មានអាកប្បកិរិយា បង្កជាគ្រោះថ្នាក់ និង ចរិកពាលបែបនេះ៕ ដោយ៖ ឧត្តម