ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី៥វិច្ឆិកាបានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ខាងមុខនេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន៣៨១ នាក់ (ស្រី ៣០ នាក់)។
រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងទៀតថា ការបន្ធូរបន្ថយទោស និងលើកលែងទោសទាំងនោះរួមមាន៖ បន្ថយទោស ៣ ខែ ដល់ទណ្ឌិតចំនួន ២៦៨ នាក់ (ស្រី ២១ នាក់ បន្ថយទោស ៦ ខែ ដល់ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ០៨ នាក់)បន្ថយទោស ៩ ខែ ដល់ទណ្ឌិតចំនួន ២៦ នាក់ (ស្រី ០០ នាក់) បន្ថយទោស ១២ ខែ ដល់ទណ្ឌិតចំនួន ០៥ នាក់ (ស្រី ០០ នាក់) ស្នើសុំលើកលែងទោស ចំនួន ០១ នាក់ ( ស្រី ០១ នាក់)។
សូមរម្លឹកថា គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតធ្វើឡើងក្នុងមួយឆ្នាំចំនួន៥ដង ក្នុងនោះរួមមាន៖ ពិធីបុណ្យឯករាជ្យជាតិ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ពិធីបុណ្យវិសាខបូជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ និង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕ ដោយ៖ គង់ សេដ្ឋាមុនី