ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខជូន លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារ បណ្តាលឱ្យក្មេងៗជាសិស្សជាង៣០នាក់។
តាមរយៈសារលិខិត សម្ដេចតេជោ មានការតក់ស្លុត និងក្រៀមក្រំយ៉ាងខ្លាំង ចំពោះការបាញ់រះសម្លាប់រង្គាលនៅមជ្ឈមណ្ឌលថែទាំកុមារ ក្នុងខេត្តណងប៊ូឡាំភូ ភាគឦសាន នៃប្រទេសថៃ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ដែលបានឆក់យកជីវិត មនុស្សជាច្រើន ភាគច្រើនជាកុមារ ។
សម្តេចតេជោបន្តថា កម្ពុជាស្ថិតនៅជាមួយថៃ ក្នុងខណៈដ៏សោកសង្រេង នៃឧប្បត្តិហេតុ សម្លាប់រង្គាលនេះ និងបួងសួងឱ្យអ្នកដែលទទួលរងរបួសឆាប់បានជាសះស្បើយ ។
គួរឱ្យដឹងថា សោកនាដកម្មបំពានជីវិតកុមារតូចៗ នៅថៃលើកនេះ បានក្លាយទៅជាហេតុការណ៍ ដ៏អាក្រក់ជាប្រវត្តិសាស្រ្តរបស់ថៃ និងបានបន្សល់នូវភាពឈឺចាប់ សម្រាប់សង្គមថៃយ៉ាងតក់ស្លុត ព្រោះជនបង្ករហេតុជាខ្មាន់កាំភ្លើង ជាអតីតប៉ូលីសថៃម្នាក់ និងជាបុគ្គលដែលធ្លាប់ទទួលការសិក្សារៀនសូត្រ ចេះដឹងម្នាក់ដែរ បានស្ថិតក្នុងការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ប៉ុន្តែប៉ូលីសបាន វះសាកសពជនបង្ករហេតុឃើញថាខ្មាន់កាំភ្លើង គ្មានសារធាតុគ្រឿងញៀនទេ អាចមកពីកំហឹងមួយឆាវ របស់គេបានធ្វើឱ្យសង្គមថៃ ធ្លាក់ចូលក្នុងភាពវឹកវរយ៉ាងដូច្នេះ ៕ ដោយ៖ រិន ចំរើន